Zidane សម្រក់ទឹកភ្នែកដោយសេចក្តីរំភើប ពេលក្ដីស្រមៃ 28ឆ្នាំបានក្លាយជាការពិត!
អត្ថបទសរសេរដោយ Danny • 8 views
យុគសម័យថ្មីមួយបានចាប់ផ្តើមសម្រាប់ក្រុមជម្រើសជាតិបារាំង (Les Bleus)។ លោក Zinedine Zidane បានធ្វើសន្និសីទសារព័ត៌មានជាលើកដំបូងកាលពីថ្ងៃអង្គារ បន្ទាប់ពីទទួលបានការតែងតាំងជាផ្លូវការជាគ្រូបង្វឹកថ្មី។ លោកបានទម្លាយថា លោកបានបដិសេធសំណើដឹកនាំក្លិបធំៗជាច្រើនក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំកន្លងមកនេះ ដើម្បីតែរង់ចាំឱកាសដឹកនាំក្រុមជម្រើសជាតិបារាំង ដែលជាក្ដីស្រមៃតែមួយគត់របស់លោកបន្ទាប់ពីចាកចេញពី Real Madrid ក្នុងឆ្នាំ ២០២១។
លោក Zidane បានថ្លែងទាំងរំភើបនៅចំពោះមុខប្រធានសហព័ន្ធ Philippe Diallo ថា «ថ្ងៃនេះគឺជាការបន្តអាជីពរបស់ខ្ញុំ និងជាក្ដីស្រមៃដែលបានក្លាយជាការពិត។ ខ្ញុំទទួលបានសំណើពីក្លិបជាច្រើន ប៉ុន្តែខ្ញុំបានបដិសេធទាំងអស់ដើម្បីក្រុមជម្រើសជាតិបារាំង»។ លោកក៏បានសម្តែងការគោរព និងកោតសរសើរចំពោះលោក Didier Deschamps ដែលបានដឹកនាំក្រុមទទួលបានជោគជ័យ និងឈ្នះពាន World Cup 2018 កន្លងមក ដោយបញ្ជាក់ថា គោលដៅរបស់លោកនៅតែដដែលគឺ «ការឈ្នះ»។
លោក Diallo បានបង្ហើបពីជំនួបដំបូងក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ ថា លោក Zidane បានប្រាប់លោកថា «លោកប្រធាន! ខ្ញុំដឹងពីរបៀបយកឈ្នះ» ដែលធ្វើឱ្យលោកមានទំនុកចិត្តយ៉ាងខ្លាំងក្នុងការប្រគល់តំណែងនេះឱ្យ។ ចំពោះទម្រង់លេង លោក Zidane បានបង្ហើបថានឹងផ្តោតលើការប្រកួតវាយប្រហារ បង្កើតគ្រាប់បាល់ និងការផ្លាស់ប្តូររចនាប័ទ្មថ្មី ដោយបន្សំជាមួយបទពិសោធដែលលោកទទួលបានពីប្រទេសអេស្ប៉ាញ។ លោកក៏បានបញ្ជាក់ដែរថា លោកនៅមិនទាន់បាននិយាយជាមួយប្រធានក្រុម Kylian Mbappé នៅឡើយទេ ដើម្បីទុកពេលឱ្យរូបគេសម្រាក ហើយក្រុមការងារបច្ចេកទេសរបស់លោកភាគច្រើន គឺជាក្រុមការងារដែលធ្លាប់ជួយលោកនៅ Real Madrid ផងដែរ។