UEFA ព្រមានចាកចេញពី FIFA ស្របពេលលោក ដូណាល់ ត្រាំ បង្ហាញបំណងចង់ឱ្យប្រធាន FIFA លោក Gianni Infantino ក្លាយជាអគ្គលេខាធិការបន្ទាប់របស់អង្គការសហប្រជាជាតិ (UN)
អត្ថបទសរសេរដោយ Danny • 23 views
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) កំពុងរងការរិះគន់យ៉ាងចាស់ដៃជុំវិញការដឹកនាំព្រឹត្តិការណ៍ FIFA World Cup 2026។ យ៉ាងណាមិញ ស្របពេលដែលមានការរិះគន់យ៉ាងក្តៅគគុកនេះ សារព័ត៌មាន New York Post បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញបំណងចង់ឱ្យលោក Infantino ក្លាយជាអគ្គលេខាធិការបន្ទាប់របស់អង្គការសហប្រជាជាតិ (UN)។
គណបក្សប្រជាធិបតេយ្យសេរីនៃចក្រភពអង់គ្លេស (Liberal Democrats) បានអំពាវនាវឱ្យសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) និងសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ដកខ្លួនចេញពី FIFA ដោយបានចោទប្រកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះថា បានបំផ្លាញភាពស្រស់ស្អាតនៃវិស័យកីឡាបាល់ទាត់។ លោក Sir Ed Davey មេដឹកនាំគណបក្សនេះបានប្រាប់ BBC ថា FIFA លែងបម្រើផលប្រយោជន៍បាល់ទាត់ ឬអ្នកគាំទ្រទៀតហើយ ដោយលោកទាមទារឱ្យមានការរំលាយ និងកសាងប្រព័ន្ធគ្រប់គ្រងឡើងវិញប្រកបដោយភាពត្រឹមត្រូវ។
ការទាមទាររបស់អ្នកនយោបាយរូបនេះ បានកើតឡើងបន្ទាប់ពីការសម្រេចចិត្តដ៏ចម្រូងចម្រាសជាបន្តបន្ទាប់របស់ FIFA អំឡុងពេលការប្រកួតពានរង្វាន់ពិភពលោកនៅក្នុងប្រទេសអាមេរិក កាណាដា និងម៉ិកស៊ិក។ ក្នុងនោះ បញ្ហាដែលបង្កឱ្យមានការភ្ញាក់ផ្អើលបំផុត គឺការលើកបម្រាមព្យួរការប្រកួតមួយប្រកួតរបស់ខ្សែប្រយុទ្ធអាមេរិក Folarin Balogun បន្ទាប់ពីររូបគេទទួលបានអន្តរាគមន៍ដោយផ្ទាល់ពីលោក Donald Trump ទៅកាន់ FIFA។
ខាងភាគី UEFA បានចាត់ទុកការសម្រេចចិត្តរបស់ FIFA ក្រោមការដឹកនាំរបស់លោក Infantino ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Trump ថាជា "ការឆ្លងហួសបន្ទាត់ក្រហម" និងជាទង្វើមិនសមហេតុផលដែលបង្កើតភាពតានតឹងយ៉ាងខ្លាំង។ លោក Aleksander Čeferin ប្រធាន UEFA ថែមទាំងបានធ្វើពហិការមិនចូលរួមទស្សនាការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup រវាងអេស្ប៉ាញ និងអាហ្សង់ទីន ដើម្បីបង្ហាញការប្រឆាំងនឹង FIFA ចំពោះបញ្ហាចម្រូងចម្រាសជាច្រើន។
ទោះបីជាព្រឹត្តិការណ៍ត្រូវ បានបញ្ចប់ក៏ដោយ FIFA នៅតែប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនទៀត ដូចជាការដំឡើងតម្លៃសំបុត្រចូលទស្សនា World Cup ក្រោមប្រព័ន្ធកំណត់តម្លៃរបស់អាមេរិក ការបន្ថែមពេលសម្រាកញ៉ាំទឹក (Water Breaks) ដែលប៉ាន់ស្មានថាអាចរកប្រាក់ចំណូលពីពាណិជ្ជកម្មបន្ថែមរហូតដល់ ២៥០ លានដុល្លារ ព្រមទាំងករណីហាមប្រាមអាជ្ញាកណ្តាលស៊ូម៉ាលី លោក Omar Artan មិនឱ្យចូលរួមកាត់ក្តីដោយសារបញ្ហាទិដ្ឋាការអាមេរិកផងដែរ។
លោក Javier Tebas ប្រធានលីគ La Liga បានចោទប្រកាន់លោក Infantino ថាបានបំផ្លាញឧស្សាហកម្មបាល់ទាត់ និងបានទាមទារឱ្យរូបគេចុះចេញពីតំណែង។ ទោះជាយ៉ាងណា លោក Tebas បានសារភាពថា ការទាមទារឱ្យបុរសសញ្ជាតិស្វ៊ីសវ័យ ៥៦ ឆ្នាំរូបនេះចុះចេញពីតំណែង មិនមែនជារឿងងាយស្រួលនោះឡើយ។
ដោយឡែក ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ដែលថា លោក Donald Trump ចង់ឱ្យលោក Infantino ធ្វើជាអគ្គលេខាធិការ UN ថ្មីនោះ ត្រូវបានគេមើលឃើញថា កើតចេញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងអ្នកទាំងពីរ ដោយលោក Trump គឺជាបុគ្គលដំបូងគេដែលទទួលបានរង្វាន់សន្តិភាព FIFA Peace Award ពីលោក Infantino។ យោងតាម New York Post លោក Trump ជឿជាក់ថា លោក Infantino មានប្រជាប្រិយភាព និងទទួលបានការគោរពស្រឡាញ់ច្រើនជុំវិញពិភពលោក ព្រមទាំងមានសមត្ថភាពដឹកនាំដ៏ពិសេស បន្ទាប់ពីបានរៀបចំ World Cup នៅក្នុងប្រទេសចំនួនបីរួមគ្នា។ ទោះជាយ៉ាងណា ខាងសេតវិមាន (White House) មិនទាន់បានឆ្លើយតបផ្លូវការជុំវិញព័ត៌មាននេះនៅឡើយទេ។