អ្នកចាំទី Thibaut Courtois ទម្លាយហេតុផលទាំងទឹកភ្នែក ក្រោយត្រូវប្ដូរចេញក្នុងប្រកួតប៊ែលហ្សិកចាញ់អេស្ប៉ាញ
អត្ថបទសរសេរដោយ Danny • 43 views
អ្នកចាំទីដៃទីមួយរបស់ក្រុមជម្រើសជាតិប៊ែលហ្សិក កីឡាករ Thibaut Courtois បានបង្ហាញការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីរងរបួសសាច់ដុំភ្លៅ បង្ខំចិត្តឱ្យលោកត្រូវដើរចេញពីទីលានទាំងទឹកភ្នែក នៅក្នុងការប្រកួតដែលក្រុមប៊ែលហ្សិក (Belgium) ត្រូវធ្លាក់ចេញពីវគ្គ ៨ ក្រុមចុងក្រោយ World Cup ក្រោមថ្វីជើងក្រុមអេស្ប៉ាញ (Spain) ក្នុងលទ្ធផល ២-១ នាទីក្រុង Los Angeles។
នៅក្នុងការប្រកួតវគ្គទីពីរ នាទីទី 71 អ្នកចាំទីវ័យ 34 ឆ្នាំរូបនេះ បានព្យាយាមសុំបន្តលេង ប៉ុន្តែលោកមានអារម្មណ៍ថាឈឺចាប់ខ្លាំងមិនអាចទាត់បាល់វែងបាន ទើបគ្រូបង្វឹកលោក Rudi Garcia សម្រេចចិត្តប្ដូរយកអ្នកចាំទីបម្រុង Senne Lammens ចូលជំនួសវិញដើម្បីកុំឱ្យមានគ្រោះថ្នាក់ខ្លាំងជាងនេះ។ រឿងរ៉ាវកាន់តែសោកស្តាយនោះ គឺនៅនាទីទី 88 អ្នកចាំទីបម្រុង Lammens ដែលទើបតែចូលលេងឱ្យក្រុមជាតិបាន 3 ប្រកួត បានបង្កើតកំហុសដោយចាប់បាល់ពីការទាត់របស់ Pau Cubarsi មិនជាប់ បណ្តាលឱ្យកីឡាករអេស្ប៉ាញ Mikel Merino ចូលមកទាត់ថែមយកឈ្នះតែម្តង។
ទោះជាយ៉ាងណា ក្រោយបញ្ចប់ការប្រកួត លោក Courtois បានបង្ហាញស្មារតីជាអ្នកដឹកនាំដ៏ល្អ ដោយបានចូលទៅឱបផ្តល់កម្លាំងចិត្តដល់ Lammens នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ និងបាននិយាយការពារអ្នកចាំទីវ័យក្មេងរូបនេះប្រាប់អ្នកសារព័ត៌មានថា៖ «វាជារឿងគួរឱ្យស្តាយដែល Senne ចាប់បាល់នោះមិនជាប់។ ពួកយើងបានចូលទៅឱបលើកទឹកចិត្តគេក្រោយចប់ប្រកួត។ គេជាអ្នកចាំទីដ៏ល្អម្នាក់ ព្រឹត្តិការណ៍បែបនេះនឹងធ្វើឱ្យគេកាន់តែរឹងមាំ។ ពួកយើងគួរតែមានមោទនភាពចំពោះក្រុម ព្រោះយើងជាក្រុមតែមួយគត់ដែលអាចស៊ុតបញ្ចូលទីលើក្រុមអេស្ប៉ាញបាននៅក្នុងការប្រកួតនេះ»។
បច្ចុប្បន្ន បន្ទាប់ពីធ្លាក់ចេញពីព្រឹត្តិការណ៍នេះ អ្នកចាំទីរបស់ក្លិប Real Madrid រូបនេះ ត្រូវធ្វើដំណើរត្រឡប់ទៅក្លិបវិញដើម្បីពិនិត្យរបួសឱ្យបានម៉ត់ចត់ មុនពេលរដូវកាលថ្មីចាប់ផ្តើម ខណៈដែលអនាគតរបស់លោកជាមួយក្រុមជម្រើសជាតិ ក៏ត្រូវពិភាក្សាឡើងវិញជាមួយគ្រូបង្វឹកផងដែរ។