Shakira ផ្ញើសារកោតសរសើរដល់កំពូលកីឡាករ Lionel Messi និងភរិយា Antonela Roccuzzo ក្រោយអាហ្សង់ទីនឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup
អត្ថបទសរសេរដោយ Danny • 37 views
តារាចម្រៀងលំដាប់ពិភពលោក Shakira បានចេញមុខមកកោតសរសើរយ៉ាងខ្លាំងចំពោះ Lionel Messi ត្រង់សមត្ថភាពលេងដ៏អស្ចារ្យមិនចេះរីងស្ងួតរបស់លោក ក្នុងជំនួបជួយក្រុមជម្រើសជាតិអាហ្សង់ទីនយកឈ្នះអង់គ្លេស ២-១ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup។ ក្រៅពីការសរសើរខ្សែប្រយុទ្ធវ័យ ៣៩ ឆ្នាំរូបនេះ តារាចម្រៀងសញ្ជាតិកូឡុំប៊ីក៏មិនភ្លេចផ្ញើសារពិសេសទៅកាន់លោកស្រី Antonela Roccuzzo ដែលជាភរិយាផងដែរ។
ក្រុមកងទ័ពមេឃខៀវអាហ្សង់ទីនបានកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup ពីរជំនាន់ជាប់ៗគ្នា ក្រោមការដឹកនាំ និងបញ្ជូនបាល់យ៉ាងល្អ (២ Assists) ពីសំណាក់ប្រធានក្រុមដ៏មានឥទ្ធិពល Lionel Messi។ ទម្រង់លេងដ៏លេចធ្លោនេះបានធ្វើឱ្យ Shakira ដែលបានចូលរួមទស្សនាផ្ទាល់នៅលើកៅអីអ្នកគាំទ្រ បង្ហាញការស្ញើចសរសើរនៅលើបណ្តាញសង្គមថា៖
«អ្វីដែល Leo Messi កំពុងតែធ្វើ គឺវាលើសពីពាក្យថាអស្ចារ្យទៅទៀត! វាបានឆ្លុះបញ្ចាំងពីតម្លៃនៃបុរសម្នាក់ដែលមានការប្តេជ្ញាចិត្ត និងវិន័យខ្ពស់បំផុត ដែលអាចជម្នះរាល់ពេលវេលា និងឧបសគ្គទាំងពួង។ គាត់បានបង្ហាញឱ្យឃើញថា មនុស្សម្នាក់មិនត្រូវបានកំណត់ដោយអាយុ ឬដោយអ្វីដែលអ្នកដទៃនិយាយនោះឡើយ»។
នាងបានបន្ថែមទាំងចិត្តក្តុកក្តួលជុំវិញកម្លាំងចិត្តពីក្រោយខ្នងរបស់ Messi ទៀតថា៖
«ហើយខ្ញុំដឹងច្បាស់ថា ការមានស្ត្រីម្នាក់ដូចជា Antonela Roccuzzo នៅក្បែរខ្លួន គឺពិតជាបានផ្តល់នូវកម្លាំងចិត្ត និងការជំរុញទឹកចិត្តដ៏ធំធេងសម្រាប់រូបគាត់ក្នុងការបង្ហាញពិភពលោកឱ្យឃើញពីភាពអស្ចារ្យនេះ!»។
ភ្លាមៗនោះ លោកស្រី Antonela Roccuzzo ដែលបានអបអរសាទរជ័យជម្នះក្នុងកីឡដ្ឋានដោយការរាំយ៉ាងសប្បាយរីករាយ ក៏បានឆ្លើយតបទៅនឹងការកោតសរសើរនេះ ដោយបានយករីផុស (Repost) សម្តីរបស់ Shakira នៅលើ Instagram Story របស់ខ្លួនផងដែរ។)
បច្ចុប្បន្ន ក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងត្រៀមខ្លួនយ៉ាងហ្មត់ចត់សម្រាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ធំទល់នឹងអេស្ប៉ាញ ដើម្បីការពារតំណែងជើងឯកពិភពលោកដែលពួកគេធ្លាប់ដណ្តើមបាននៅប្រទេសកាតា។ ប្រសិនបើ Messi អាចដឹកនាំក្រុមឈ្នះពានរង្វាន់ធំនេះម្តងទៀត វានឹងក្លាយជាការបិទបញ្ចប់អាជីពអន្តរជាតិដ៏មានតម្លៃ និងអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។