វីរៈបុរសប្រេស៊ីល Ronaldo លើកឡើងថា ទម្រង់លេងរបស់ Kylian Mbappe រំលឹកដល់រូបលោកកាលពីនៅចំណុចកំពូល
អត្ថបទសរសេរដោយ Danny • 64 views
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង កីឡាករ Kylian Mbappe ទទួលបានការវាយតម្លៃ និងកោតសរសើរយ៉ាងខ្លាំងពីវីរៈបុរសខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ អំឡុងពេលដែលក្រុមជម្រើសជាតិបារាំង កំពុងបន្តដំណើរយ៉ាងរលូននៅក្នុងព្រឹត្តិការណ៍ World Cup 2026។ វីរៈបុរសប្រេស៊ីល លោក Ronaldo Nazario បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះតារាឆ្នើមរបស់ក្លិប Real Madrid រូបនេះ បន្ទាប់ពីបានឃើញរូបគេរកបាន ៤ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ២ លើក ក្នុងការប្រកួត ៣ លើកដំបូងនៅតំបន់អាមេរិកខាងជើង។
Mbappe ត្រូវបានគេចាត់ទុកជាអ្នកបន្តវេនដ៏ស័ក្តិសមបំផុតមួយរូប ប៉ុន្តែពេលនេះ សូម្បីតែម្ចាស់ពានរង្វាន់ World Cup ឆ្នាំ ២០០២ លោក Ronaldo (O Fenomeno) ក៏បានមើលឃើញពីចំណុចពិសេស និងដានលេងដ៏ស្រដៀងគ្នារវាងរូបលោក និងខ្សែប្រយុទ្ធបារាំងរូបនេះដែរ។ លោកបានកោតសរសើរពីការរួមបញ្ចូលគ្នារវាងល្បឿនដ៏លឿនដូចផ្លេកបន្ទោរ និងសមត្ថភាពបញ្ចប់ទីដ៏មុតស្រួច ដែលជាចំណុចពិសេសធ្លាប់ធ្វើឱ្យលោកក្លាយជាខ្សែប្រយុទ្ធដែលគួរឱ្យខ្លាចបំផុតនៅលើពិភពលោកកាលពីជំនាន់មុន។
នៅក្នុងយុទ្ធនាការ World Cup 2026 នេះ Kylian Mbappe បានបើកឆាកយ៉ាងល្អដោយការស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯងក្នុងជំនួបទល់នឹងសេណេហ្គាល់ (Senegal) និងបន្តរកបាន ២ គ្រាប់ទៀតក្នុងការប្រកួតទល់នឹងអ៊ីរ៉ាក់ (Iraq)។ ទោះបីជាមិនអាចរកគ្រាប់បាល់បាននៅក្នុងការប្រកួតទល់នឹងន័រវែស (Norway) ក៏ដោយ ប៉ុន្តែរូបគេនៅតែជាបេះដូងនៃការវាយសម្រុករបស់ក្រុម ដោយបានជួយបង្កើតឱកាស (Assists) ចំនួន ២ លើក។
បច្ចុប្បន្ន Mbappe កំពុងតែស្ថិតក្នុងចំណោមបេក្ខភាពឈានមុខក្នុងការប្រជែងពានរង្វាន់ស្បែកជើងមាស (Golden Boot) និងកីឡាករល្អបំផុត (Golden Ball) ជាមួយប្រធានក្រុមអាហ្សង់ទីន Lionel Messi។ លោក Ronaldo បានថ្លែងប្រាប់សារព័ត៌មាន L'Equipe ថា៖ «ចំពោះ Mbappé ទម្រង់លេងរបស់រូបគេបានរំលឹកខ្ញុំពីខ្លួនឯងកាលពីស្ថិតក្នុងចំណចកំពូល។ រូបគេជាកីឡាករដ៏អស្ចារ្យម្នាក់ក្នុងពិភពបាល់ទាត់បច្ចុប្បន្ន និងជាអ្នកបន្តវេនដ៏ធម្មជាតិនៃវីរៈបុរសជំនាន់មុន»។
ក្រៅពី Mbappe ក្រុមអធិរាជស Real Madrid ក៏កំពុងបង្ហាញឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយកីឡាករមកពីក្លិបអេស្ប៉ាញមួយនេះ រកបានគ្រាប់បាល់សរុបរហូតដល់ ១១ គ្រាប់ហើយ (គិតត្រឹមកម្រិតក្លិបដែលកីឡាករតំណាងឱ្យជាតិ)។ ក្នុងនោះ Mbappe និង Vinicius Jr. រកបានម្នាក់ ៤ គ្រាប់ ស្របពេលដែល Jude Bellingham រកបាន ២ គ្រាប់ឱ្យអង់គ្លេស និង Arda Guler រកបាន ១ គ្រាប់ឱ្យទួរគី ដែលធ្វើឱ្យក្លិបជិតនឹងបំបែកកំណត់ត្រាចាស់ 12 គ្រាប់ កាលពី World Cup 1998 ទៅហើយ។
បច្ចុប្បន្ន ក្រុមជម្រើសជាតិបារាំងបានឆ្លងផុតវគ្គចែកពូលយ៉ាងងាយស្រួលដោយឈរនៅកំពូលតារាងពូល I ជាមួយលទ្ធផលឈ្នះទាំង ៣ ប្រកួត និងស៊ុតបញ្ចូលទីបាន ១០ គ្រាប់។ ក្រុមមាន់គកឡេសប្លឺ (Les Bleus) ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Didier Deschamps នឹងត្រូវជួបក្រុមជម្រើសជាតិស៊ុយអែត (Sweden) ក្នុងវគ្គ ៣២ ក្រុមចុងក្រោយ ដោយមានគោលដៅឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកទី ៣ ជាប់ៗគ្នា។