ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
អត្ថបទសរសេរដោយ Danny • 5 views
Brighton លុបចោលការបោះជំរុំហ្វឹកហាត់នៅប្រទេសបារាំង ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើឱ្យក្លិប Brighton ខកខានមិនបានប្រើប្រាស់ទីលានហ្វឹកហាត់មុនរដូវកាលថ្មី ដោយសារឧទ្ធម្ភាគចក្ររបស់លោកបានធ្វើឱ្យខូចខាតទីលានស្មៅដែលក្លិបអង់គ្លេសមួយនេះបានជ្រើសរើស រហូតមិនអាចប្រើប្រាស់បាន និងបង្ខំឱ្យលុបចោលការបោះជំរុំហ្វឹកហាត់តែម្តង។
ក្លិប Brighton and Hove Albion បានរៀបចំផែនការបោះជំរុំហ្វឹកហាត់នៅប្រទេសបារាំង ប៉ុន្តែត្រូវបរាជ័យទៅវិញ បន្ទាប់ពីទីលានរបស់ពួកគេត្រូវបានគេប្រើប្រាស់ជាកន្លែងចុះចតសម្រាប់ឧទ្ធម្ភាគចក្រដឹកនាំមេដឹកនាំពិភពលោក រួមទាំងលោក Trump ទៅកាន់កិច្ចប្រជុំកំពូល G7។ យោងតាមសារព័ត៌មាន The Athletic ទីលាននៅក្នុងទីក្រុង Évian-les-Bains របស់បារាំង ត្រូវបានប្រើប្រាស់ជាចំណតឧទ្ធម្ភាគចក្របណ្តោះអាសន្ន ប៉ុន្តែការចុះចតបានធ្វើឱ្យរហែកស្មៅ និងបន្សល់ទុកនូវភាពខូចខាតយ៉ាងធ្ងន់ធ្ងរ។
Brighton បានរៀបចំទីតាំង "Royal Resort" នៅជិតព្រំដែនស្វីស សម្រាប់ការត្រៀមខ្លួនចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ១ ខែសីហា។ កិច្ចប្រជុំកំពូលបានប្រព្រឹត្តទៅកាលពីពាក់កណ្តាលខែមិថុនា ដោយមានការចូលរួមពីថ្នាក់ដឹកនាំដូចជាលោក Trump, នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងប្រធានាធិបតីបារាំង Emmanuel Macron ប៉ុន្តែផ្ទៃដីទីលានមិនអាចស្ដារឡើងវិញទាន់ពេលវេលានោះឡើយ។ Brighton បានបញ្ជូនក្រុមការងារទៅពិនិត្យមើល និងសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះស្ថានភាពទីលាននេះ។
ការលុបចោលការបោះជំរុំនេះ ក៏បានធ្វើឱ្យលុបចោលការប្រកួតមិត្តភាពជាមួយក្លិប Annecy នៃលីគទី ២ បារាំងផងដែរ។ Brighton បានសម្រេចចិត្តបន្តការហ្វឹកហាត់នៅមជ្ឈមណ្ឌលផ្ទាល់ខ្លួនរបស់ពួកគេក្នុងទីក្រុង Lancing ភាគខាងត្បូងប្រទេសអង់គ្លេសវិញ។
នៅថ្ងៃអាទិត្យ ក្រុមការងារនឹងហោះហើរទៅកាន់ប្រទេសអូទ្រីសសម្រាប់កន្លែងហ្វឹកហាត់ជំនួសវិញ ដោយក្លិបអះអាងថាការផ្លាស់ប្តូរផែនការនេះ នឹងមិនប៉ះពាល់ដល់ការត្រៀមខ្លួនសម្រាប់រដូវកាលថ្មីឡើយ។ Brighton នឹងចាប់ផ្តើមការប្រកួតមិត្តភាពជាមួយក្លិប Strasbourg របស់បារាំងនៅថ្ងៃទី ១ ខែសីហា បន្ទាប់មកត្រូវជួបក្លិបអ៊ីតាលី Roma និង Bologna នៅថ្ងៃទី ៨ និង ១៥ ខែសីហា រៀងៗខ្លួន។