Rodri រិះគន់អាជ្ញាកណ្តាលយ៉ាងខ្លាំងជុំវិញការខ្វះការការពារលើតារាឆ្នើម Lamine Yamal ក្រោយត្រូវគូប្រជែងបង្កកំហុស «ដល់ទៅ ១៥ ដង» ក្នុងជ័យជម្នះលើ បារាំង ឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup
អត្ថបទសរសេរដោយ Danny • 31 views
ខ្សែបម្រើកណ្តាលក្រុមជម្រើសជាតិអេស្ប៉ាញ Rodri បានចេញមុខរិះគន់យ៉ាងចាស់ដៃចំពោះស្តង់ដារកាត់សេចក្តីរបស់អាជ្ញាកណ្តាល នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោក World Cup ដែលអេស្ប៉ាញយកឈ្នះបារាំង ដោយលោកបានអះអាងថា តារាឆ្នើមវ័យក្មេង Lamine Yamal មិនទទួលបានការការពារគ្រប់គ្រាន់នៅលើទីលាននោះឡើយ។ ទោះបីជាអេស្ប៉ាញបានកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រក៏ដោយ ប៉ុន្តែតារាឆ្នើមរបស់ក្លិប Manchester City រូបនេះ បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការលេងអាក្រក់ និងបង្កកំហុសធ្ងន់ៗជាច្រើនលើគ្រាប់ពេជ្ររបស់ក្លិប Barcelona រូបនេះ។
ទោះបីជាអេស្ប៉ាញទទួលបានជ័យជម្នះយ៉ាងស្អាត ២-០ លើបារាំងក៏ដោយ ប៉ុន្តែប្រធានក្រុម Rodri មិនសប្បាយចិត្តទាល់តែសោះចំពោះការការពារសុវត្ថិភាពរបស់កីឡាករនៅលើទីលាន។ លោកបានតម្រង់ការរិះគន់ចំៗទៅកាន់អាជ្ញាកណ្តាលលោក Ivan Barton ដោយបង្ហាញថា លោកអាជ្ញាកណ្តាលបានបណ្តោយឱ្យតំបន់ការពាររបស់បារាំងដេញកាប់ចាន និងបង្កកំហុសលើកីឡាករវ័យ ១៩ ឆ្នាំរូបនេះតាមអំពើចិត្តពេញមួយប្រកួតនៅរដ្ឋ Texas។
Rodri បានសង្កត់ធ្ងន់ថា ទិន្នន័យផ្លូវការរបស់អាជ្ញាកណ្តាលមិនបានឆ្លុះបញ្ចាំងពីការពិតនៅលើទីលាននោះឡើយ ដោយលោកបាននិយាយថា៖ «អ្វីដែលច្បាស់នោះគឺ យើងបានប្រឈមមុខនឹងបញ្ហាបង្កកំហុសនេះចំនួន ៣ ប្រកួតមកហើយ។ ខ្ញុំយល់ថាការប៉ះទង្គិចខ្លះប្រហែលជាមិនមែនជាកំហុស ប៉ុន្តែយើងកំពុងនិយាយអំពីការបង្កកំហុសពី ១០ ទៅ ១៥ ដង ដែលក្មេងម្នាក់នេះត្រូវដួលទៅលើដី ត្រូវគេដេញបុក ហើយអាជ្ញាកណ្តាលត្រូវតែផ្លុំកញ្ចែពិន័យ ព្រោះបើមិនខ្វល់ទេ ខ្សែការពារគូប្រជែងនឹងបន្តធ្វើរឿងដដែលនេះទៀត។ ការបណ្តែតបណ្តោយរបស់អាជ្ញាកណ្តាលនៅថ្ងៃនេះគឺច្បាស់ក្រឡែតតែម្តង»។
យោងតាមទិន្នន័យផ្លូវការនៃការប្រកួត Yamal ទទួលបានការសម្រេចថាជាការរងគ្រោះពីការបង្កកំហុស (Foul) តែមួយលើកគត់ពេញមួយប្រកួត ដែលការបង្កកំហុសនោះហើយបានបង្កើតជាបាល់ប៉េណាល់ទីនៅនាទីទី ២២ ដែលត្រូវស៊ុតបញ្ចូលទីដោយ Mikel Oyarzabal។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ការសម្រេចចិត្តផ្តល់បាល់ប៉េណាល់ទីតែមួយលើកនេះ ក៏ត្រូវបានលោក Didier Deschamps គ្រូបង្វឹកបារាំងចេញមុខរិះគន់លោកអាជ្ញាកណ្តាល Barton យ៉ាងខ្លាំងដូចគ្នា។
ក្រៅពីបញ្ហាអាជ្ញាកណ្តាល Rodri បានកោតសរសើរយ៉ាងខ្លាំងចំពោះការលះបង់ និងភាពចាស់ទុំរបស់ Yamal ដែលបានជួយក្រុមយ៉ាងច្រើន ជាពិសេសក្នុងការជួយការពារ និងបិទតំបន់ប្រយុទ្ធរបស់ Kylian Mbappe និងក្រុមបារាំង។ ពេលនេះ អេស្ប៉ាញត្រូវត្រៀមខ្លួនសម្រាប់ប្រកួតដ៏សំខាន់បំផុតក្នុងជីវិតរបស់ពួកគេ ក្នុងវគ្គផ្តាច់ព្រ័ត្រទល់នឹង អង់គ្លេស ឬ អាហ្សង់ទីន។