ភរិយាលោក Robert Lewandowski ទម្លាយអារម្មណ៍ «ភ័យខ្លាចខ្លាំង» ពេលស្វាមីប្តូរទៅលេងឱ្យ Chicago Fire នៅអាមេរិក
អត្ថបទសរសេរដោយ Danny • 54 views
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប៉ូឡូញកីឡាករ Robert Lewandowski បានសម្រេចកិច្ចព្រមព្រៀងផ្ទេរទៅរួមរស់ជាមួយក្លិប Chicago Fire នៅលីគកំពូលអាមេរិក (MLS) ដោយគ្មានតម្លៃខ្លួន (Free Transfer) ជាមួយកិច្ចសន្យារហូតដល់រដូវកាល ២០២៧-២០២៨ ក្រោយចាកចេញពី Barcelona។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរទ្រនំថ្មីនេះបាននាំមកនូវអារម្មណ៍លាយឡំគ្នាជាច្រើនសម្រាប់ក្រុមគ្រួសាររបស់គេ ជាពិសេសភរិយារបស់លោកគឺអ្នកស្រី Anna Lewandowska។
នៅលើបណ្តាញសង្គម Instagram អ្នកស្រី Anna បានបង្ហោះសារយ៉ាងវែងទម្លាយពីអារម្មណ៍ពិតដោយមិនលាក់បាំងថា ខ្លួនមានការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរៀបចំវ៉ាលីចាកចេញពីទីក្រុង Barcelona ដែលជាកន្លែងផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាពបំផុតសម្រាប់ក្រុមគ្រួសារកន្លងមក ដើម្បីទៅចាប់ផ្តើមជីវិតថ្មីពីចំណុចសូន្យឡើងវិញនៅទីក្រុង Chicago។
ភរិយាកំពូលតារាបាល់ទាត់រូបនេះបានសង្កត់ធ្ងន់ពីជីវិតនៅពីក្រោយខ្នងរបស់អត្តពលិកលំដាប់ពិភពលោកថា៖ «ជីវិតរស់នៅជាមួយអត្តពលិកមិនមែនមានតែភាពរីករាយ និងភាពអស្ចារ្យនោះទេ វាក៏មានការលះបង់ និងការយោគយល់គ្នាយ៉ាងខ្លាំងក្នុងគ្រួសារផងដែរ។ ក្នុងនាមជាម្តាយម្នាក់ ខ្ញុំមានសម្ពាធផ្លូវចិត្តខ្លាំងណាស់។ ខ្ញុំបារម្ភពីអារម្មណ៍របស់កូនស្រីទាំងពីរ បារម្ភពីរឿងសាលារៀនថ្មី និងការសម្របខ្លួនរបស់ពួកគេទៅនឹងពិភពលោកថ្មីស្រឡាងមួយ»។
គួរបញ្ជាក់ផងដែរថា Lewandowski បានបន្សល់ទុកនូវប្រវត្តិសាស្ត្រដ៏អស្ចារ្យនៅទឹកដី Camp Nou ដោយរកបាន ១២០ គ្រាប់ក្នុងការបង្ហាញខ្លួន ១៩៣ ប្រកួត ព្រមទាំងជួយ Barcelona ឈ្នះពានរង្វាន់ La Liga ៣ ជំនាន់ ពានរង្វាន់ Copa del Rey ១ និងពានរង្វាន់ Supercopa de Espana ៣ គ្រឿង មុនពេលសម្រេចចិត្តមកស្វែងរកបទពិសោធន៍ថ្មីនៅតំបន់ភាគខាងកើត (Eastern Conference) នៃលីគអាមេរិកនាពេលនេះ។