Real Madrid ផ្អាកការចរចាកិច្ចសន្យាថ្មីជាមួយ Vinicius Junior ព្រោះខ្លាចប៉ះពាល់ដល់អារម្មណ៍របស់ Kylian Mbappe និង Jude Bellingham
អត្ថបទសរសេរដោយ Danny • 32 views
ក្លិប Real Madrid កំពុងជួបឧបសគ្គធំមួយក្នុងការចរចាបន្តកិច្ចសន្យារយៈពេលវែងជាមួយខ្សែប្រយុទ្ធឆ្នើម Vinicius Junior ដោយសារតែការទាមទារប្រាក់ខែខ្ពស់ពេកពីសំណាក់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់តុល្យភាពហិរញ្ញវត្ថុ និងសាមគ្គីភាពនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុម។
តាមសារព័ត៌មាន OKDIARIO បានទម្លាយថា Vinicius ចង់បានប្រាក់ខែសុទ្ធរហូតដល់ទៅ ២០ លានអឺរ៉ូក្នុងមួយរដូវកាល ដែលជាចំនួនខ្ពស់បំផុតនៅក្នុងក្លិប។ ទោះជាយ៉ាងណា ប្រធានក្លិបលោក Florentino Perez និងថ្នាក់ដឹកនាំជាន់ខ្ពស់ មិនទាន់យល់ព្រមតាមការទាមទារនេះទេ ព្រោះពួកគេចង់រក្សារចនាសម្ព័ន្ធប្រាក់ខែឱ្យមានលំដាប់លំដោយ ដើម្បីចៀសវាងការអាក់អន់ចិត្តពីសំណាក់តារាឆ្នើមៗផ្សេងទៀតដូចជា Kylian Mbappe និង Jude Bellingham ដែលកំពុងទទួល បានប្រាក់ខែខ្ពស់ស្រាប់។ ជំហររបស់ក្លិបគឺច្បាស់លាស់ណាស់ គម្រោងនិងផលប្រយោជន៍របស់ក្រុមទាំងមូល ត្រូវតែមកមុនបុគ្គលម្នាក់ៗ។
ទោះបីជាមានការទាស់ទែងគ្នារឿងប្រាក់ខែក៏ដោយ ក៏ Real Madrid មិនចង់ឱ្យរឿងរ៉ាវនេះក្លាយជាព័ត៌មានចចាមអារ៉ាមវែងឆ្ងាយពេញមួយរដូវក្តៅនេះដែរ ព្រោះពួកគេនៅតែចាត់ទុកកីឡាករវ័យ 26 ឆ្នាំរូបនេះជាទ្រព្យសម្បត្តិដ៏សំខាន់របស់ក្លិប។ ម្យ៉ាងវិញទៀត ពេលនេះក៏មិនទាន់មានសំណើផ្លូវការណាមួយពីក្លិបផ្សេងមកទិញរូបគេដែរ ដូច្នេះទាំងសងខាងមានតែត្រូវសម្របសម្រួលគ្នាដើម្បីរកដំណោះស្រាយឱ្យបានឆាប់ មុនពេលរដូវកាលថ្មីចាប់ផ្តើម។
ក្រៅពីរឿងលុយកាក់ ថ្នាក់ដឹកនាំក្លិបក៏ចង់ឃើញ Vinicius ត្រឡប់មកពីសម្រាកវិស្សមកាលវិញ ដោយផ្តោតអារម្មណ៍ទាំងស្រុងលើការលេងបាល់ទាត់ និងបង្ហាញការដឹកនាំដ៏ល្អនៅលើទីលាន បន្ទាប់ពីរូបគេបានចូលលេងរហូតដល់ 53 ប្រកួត ស៊ុតបាន 22 គ្រាប់ និងជួយបង្កើតឱកាស 14 ដងកាលពីរដូវកាលមុន។ ការមកដល់របស់គ្រូបង្វឹកថ្មីគឺលោក Jose Mourinho ក៏ជាសម្ពាធមួយបន្ថែមទៀតដែរ ព្រោះលោក Mourhinho ត្រូវការកីឡាករដែលលះបង់ ១០០ ភាគរយសម្រាប់ក្រុម និងមិនចង់ឱ្យមានរឿងរ៉ាវកិច្ចសន្យាខាងក្រៅមកធ្វើឱ្យរំខានដល់ការរៀបចំយុទ្ធសាស្ត្ររបស់លោកឡើយ។