«នរណាក៏ចង់លេងឱ្យ Real Madrid ដែរ!» ឪពុក Erling Haaland បើកផ្លូវឱ្យកូនប្រុសផ្ទេរទៅអេស្ប៉ាញ ក្រោយឈ្នះប្រេស៊ីលឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ
អត្ថបទសរសេរដោយ Danny • 23 views
លោក Alfie Haaland ដែលត្រូវជាឪពុកបង្កើតរបស់កំពូលខ្សែប្រយុទ្ធ Erling Haaland បានធ្វើឱ្យទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបមានការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីលោកបានផ្តល់បទសម្ភាសន៍បើកផ្លូវចំហរសម្រាប់ការផ្ទេរទៅកាន់ក្លិបអធិរាជស Real Madrid នាពេលអនាគត។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ DAZN ES មុនការប្រកួតវគ្គទម្លាក់ ខ្សែបម្រើចាស់រូបនេះបានថ្លែងថា៖ «ការផ្ទេរទៅ Real Madrid ឬ? ពេលនេះគេកំពុងមានសេចក្តីសុខខ្លាំងណាស់នៅ Manchester City ហើយមានកិច្ចសន្យារយៈពេលវែង។ យើងកំពុងរង់ចាំរដូវកាលថ្មី... ប៉ុន្តែអ្នកណាៗក៏ប្រាថ្នាចង់លេងឱ្យ Madrid ដែរ។ នៅក្នុងពិភពបាល់ទាត់ យើងមិនអាចដឹងមុនថានឹងមានអ្វីកើតឡើងនោះទេ»។ ពាក្យសម្តីនេះបានធ្វើឱ្យអ្នកគាំទ្រស្រមៃភ្លាមៗអំពីការចាប់ដៃគូប្រយុទ្ធដ៏គួរឱ្យភ័យខ្លាចបំផុតរវាង Haaland និង Kylian Mbappe នៅទឹកដី Santiago Bernabéu។
ទងនឹងពាក្យចចាមអារ៉ាមខាងលើ Erling Haaland បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យនៅលើទីលាន ដោយការស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯង (Brace) ជួយឱ្យក្រុមជម្រើសជាតិន័រវែស (Norway) យកឈ្នះក្រុមខ្លាំងប្រេស៊ីល (Brazil) ក្នុងលទ្ធផល ២-១ ឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ Haaland បានប្រើសមត្ថភាពបង្គោលទីដ៏ខ្ពស់ស៊ុតដាច់លីងកាត់មុខខ្សែការពារ Gabriel Magalhaes និង Alisson Becker នៅនាទីទី ៨០ មុននឹងបន្ថែមគ្រាប់ទីពីរដោយការស៊ុតដីយ៉ាងដាច់ការចាកពីក្រៅប្រអប់គ្រោះថ្នាក់។
ជ័យជម្នះនេះមិនត្រឹមតែជួយឱ្យន័រវែសបង្កើតប្រវត្តិសាស្ត្សថ្មីនោះទេ ប៉ុន្តែវាបានធ្វើឱ្យ Haaland ឡើងទៅឈរឈ្មោះជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុត (Joint-top scorer) នៅក្នុងព្រឹត្តិការណ៍ World Cup ២០២៦ នេះ ចំនួន ៧ គ្រាប់ ស្មើជាមួយកំពូលខ្សែប្រយុទ្ធ Lionel Messi និង Kylian Mbappe ផងដែរ។ បច្ចុប្បន្ន រូបគេបានកត់ត្រាការស៊ុតបញ្ចូលទី ១៤ ប្រកួតជាប់ៗគ្នាឱ្យជាតិ ដោយនាំមកនូវស្ថិតិដ៏គួរឱ្យតក់ស្លុតគឺស៊ុតបាន ៦២ គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹមតែ ៥៤ ប្រកួតប៉ុណ្ណោះ។