Pau Cubarsi បង្ហាញទម្រង់លេងយ៉ាងអស្ចារ្យជួយឱ្យអេស្ប៉ាញមិនទាន់របូតគ្រាប់បាល់សោះនៅ World Cup 2026
អត្ថបទសរសេរដោយ Danny • 40 views
ខ្សែការពារវ័យក្មេងរបស់ក្លិប Barcelona កីឡាករ Pau Cubarsi កំពុងតែបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ នេះ តាមរយៈការបង្ហាញទម្រង់លេងយ៉ាងមានស្ថិរភាព និងភាពចាស់ទុំក្នុងតំបន់ការពារ រហូតដល់ថ្នាក់គ្រូបង្វឹកលោក Hansi Flick និងលោក Luis de la Fuente សរសើរមិនដាច់ពីមាត់ថាមានសមត្ថភាពលេចធ្លោមិនចាញ់មិត្តរួមក្រុម Lamine Yamal ឡើយ។
នៅក្នុងយុទ្ធនាការនេះ ខ្សែការពារវ័យ ១៩ ឆ្នាំរូបនេះ បានដើរតួជាគ្រោងឆ្អឹងដ៏សំខាន់ដោយបានចូលលេងគ្រប់នាទី និងជួយឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ (Spain) ឡើងមកដល់វគ្គ ៨ ក្រុមចុងក្រោយ ដោយមិនទាន់របូតគ្រាប់បាល់សោះឡើយ (Clean sheets ៥ ប្រកួតជាប់គ្នា) រួមជាមួយអ្នកចាំទី Unai Simon, ខ្សែការពារ Aymeric Laporte, Marc Cucurella (ដែលទើបផ្លាស់ទៅ Real Madrid ក្នុងតម្លៃ ៦០ លានអឺរ៉ូ) និង Pedro Porro។ លោក Luis de la Fuente បានបញ្ជាក់ថា ភាពចាស់ទុំរបស់ Laporte និងសមត្ថភាពរបស់ Cubarsi បានបង្កើតជាតុល្យភាពដ៏ល្អឥតខ្ចោះក្នុងតំបន់ការពារ ខណៈដែល Cubarsi គឺជាកីឡាករដែលមានស្ថិតិបញ្ជូនបាល់ (Passes) ច្រើនជាងគេលំដាប់ទីពីរក្នុ្ងងក្រុម បន្ទាប់ពីខ្សែបម្រើ Rodri។
ផ្ទុយទៅវិញ តារាឆ្នើម Lamine Yamal មិនទាន់អាចបង្ហាញទម្រង់លេងដល់កម្រិតកំពូលនៅឡើយទេ ដោយសារតែបញ្ហារបួសសរសៃពួរ (Hamstring) ដែលធ្វើឱ្យរូបគេខកខានការប្រកួតកម្តៅសាច់ដុំ និងបានត្រឹមចូលលេងជាកីឡាករបម្រុងក្នុងប្រកួតស្មើ Cape Verde ០-០។ ទោះបីជាគេបានរកគ្រាប់បាល់បានក្នុងប្រកួតឈ្នះអារ៉ាប៊ីសាអូឌីត ៤-០ និងបានបង្កើតប្រវត្តិសាស្ត្រចាប់ដៃគូជាមួយ Cubarsi ជាកីឡាករវ័យក្មេងពីររូបដំបូងគេដែលបានចាប់ផ្តើមលេងក្នុងវគ្គជម្រុះធ្លាក់ (ទល់នឹងអូទ្រីស) គិតចាប់តាំងពីស្តេចបាល់ទាត់ Pele ក្នុងឆ្នាំ ១៩៥៨ មកក៏ដោយ ក៏ Yamal នៅមិនទាន់រកបានឱកាសបង្កើតគ្រាប់បាល់ (Assist) ណាមួយឡើយ ក្រោយពេលជួបការលំបាកក្នុងការឆ្លងកាត់ខ្សែការពារ Nuno Mendes ក្នុងជ័យជម្នះលើព័រទុយហ្គាល់ ១-០។ ទោះជាយ៉ាងណា មុនជំនួបវគ្គ ៨ ក្រុមចុងក្រោយទល់នឹងក្រុមជម្រើសជាតិប៊ែលហ្សិក (Belgium) នៅថ្ងៃសុក្រនេះ Yamal បានអះអាងថា រូបគេមិនមានការព្រួយបារម្ភឡើយ ហើយរូបគេតែងតែលេងបានល្អបំផុតនៅពេលដែលឈានចូលដល់វគ្គសម្រេចចិត្តសំខាន់ៗបែបនេះ។