Nicky Butt រិះគន់ចំៗ និងប្រើពាក្យធ្ងន់ៗលើលោក Thomas Tuchel ក្រោយអង់គ្លេសធ្លាក់ចេញពី World Cup ព្រមទាំងចង្អុលបង្ហាញបេក្ខភាពបន្តតំណែងពីររូប
អត្ថបទសរសេរដោយ Danny • 18 views
អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស និងជាវីរកីឡាកររបស់ Manchester United លោក Nicky Butt បានចេញមុខរិះគន់យ៉ាងចាស់ដៃ និងប្រើពាក្យសម្តីអសុរោះធ្ងន់ៗទៅលើលោក Thomas Tuchel បន្ទាប់ពីក្រុមតោខៀវអង់គ្លេសត្រូវធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក្រោមស្នាដៃក្រុមមេឃខៀវអាហ្សង់ទីន។ លោក Butt ជឿជាក់ថា តំណែងរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះមិនអាចរក្សាទុកបានឡើយ ក្រោយការសម្រេចចិត្តប្រើប្រាស់យុទ្ធសាស្ត្រខុសឆ្គង ដែលធ្វើឱ្យអង់គ្លេសបាត់បង់ឱកាសមាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏រសើបនោះ ទោះបីជា Anthony Gordon បានជួយឱ្យអង់គ្លេសនាំមុខមុនក៏ដោយ ប៉ុន្តែទីបំផុតអាហ្សង់ទីនបានវាយបកយកឈ្នះ ២-១ វិញនៅនាទីចុងក្រោយ តាមរយៈគ្រាប់បាល់របស់ Enzo Fernandez និង Lautaro Martinez។ ថ្លែងប្រាប់សារព័ត៌មាន Paddy Power លោក Nicky Butt បានបញ្ចេញមតិទាំងកំហឹងថា៖
«គ្មានផ្លូវដែលគាត់អាចបន្តនៅធ្វើជាគ្រូបង្វឹកទៀតឡើយ។ គ្មានឱកាសទាល់តែសោះបន្ទាប់ពីការប្រកួតបែបហ្នឹង។ បើគាត់នៅបន្ត នោះលោក John McDermott (នាយកផ្នែកបច្ចេកទេសរបស់ FA) ក៏ត្រូវតែដេញចេញដែរ។ គាត់មិនមែនជា Sir Bobby Robson ឬ Kevin Keegan ដែលជាមនុស្សដែលប្រជាជាតិទាំងមូលស្រឡាញ់នោះទេ»។
មូលហេតុចម្បងដែលធ្វើឱ្យលោក Butt ខឹងសម្បារខ្លាំង គឺការលេងបែបការពារខ្លាំងពេក (Negative football) របស់លោក Tuchel ដែលបានសម្រេចចិត្តប្តូរចូលខ្សែការពារ Ezri Konsa, Dan Burn និង Nico O'Reilly ចូលទីលាន ដែលជាការសម្រេចចិត្តខុសឆ្គងទាំងស្រុងក្នុងការទប់ទល់នឹងក្រុមដែលបត់បែនលឿនដូចជាអាហ្សង់ទីន។
ទាក់ទងនឹងអ្នកដែលអាចមកជំនួសតំណែងរបស់លោក Tuchel វិញ លោក Nicky Butt បានចង្អុលបង្ហាញឈ្មោះគ្រូបង្វឹកល្បីៗចំនួន ២ រូប៖
-
Eddie Howe៖ លោក Butt យល់ថាជាជម្រើសដ៏អស្ចារ្យ និងស័ក្តិសមបំផុតសម្រាប់អង់គ្លេសនាពេលបច្ចុប្បន្ន។ លោក Howe បានធ្វើការងារយ៉ាងជោគជ័យជាមួយ Newcastle United តាំងពីឆ្នាំ ២០២១ ដោយបាននាំក្រុមលេងនៅ Champions League និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ League Cup។
-
Pep Guardiola៖ លោកយល់ថា Pep ជាគ្រូបង្វឹកលំដាប់កំពូលដែលអង់គ្លេសចង់បានបំផុត ប៉ុន្តែបញ្ហាស្ថិតត្រង់ថា Pep ទើបតែចាកចេញពី Manchester City ដើម្បីសម្រាកពីវិស័យបាល់ទាត់ ដូច្នេះពេលវេលាអាចនឹងមិនអំណោយផលឡើយ។
លើសពីនេះ លោក Butt ក៏មិនបដិសេធចំពោះលទ្ធភាពនៃការនាំយកលោក Mauricio Pochettino (ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុមជម្រើសជាតិសហរដ្ឋអាមេរិក) មកដឹកនាំអង់គ្លេសផងដែរ ដោយសារតែលោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនាយកបច្ចេកទេសរបស់ FA គឺលោក John McDermott កាលពីពួកគេរួមការងារជាមួយគ្នានៅ Tottenham។