អតីតកីឡាករ Newell's Old Boys ទម្លាយថា ក្រុមកីឡាករច្បងៗតែងតែលួចមើល Lionel Messi បង្ហាញជំនាញទាំងវ័យក្មេង
អត្ថបទសរសេរដោយ Danny • 39 views
មុនពេលក្លាយជាម្ចាស់ពានរង្វាន់ Ballon d'Or ៨ សម័យកាល និងជាម្ចាស់ពានរង្វាន់ពិភពលោក វីរៈបុរសបាល់ទាត់ Lionel Messi គឺជាតារាដ៏ល្បីល្បាញរួចទៅហើយនៅលើដងវិថីនៃទីក្រុង Rosario ប្រទេសអាហ្សង់ទីន។ កាលពីវ័យកុមារ នៅមុនពេលផ្លាស់ទៅកាន់ទឹកដីឡាម៉ាស៊ីយ៉ា (La Masia) របស់ក្លិប Barcelona ខ្សែប្រយុទ្ធរហស្សនាម «បុរសមន្តអាគមតូច» រូបនេះ បានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្លិប Newell's Old Boys រហូតដល់ធ្វើឱ្យកីឡាករអាជីពក្នុងក្រុមធំ សុខចិត្តផ្អាកកាលវិភាគផ្ទាល់ខ្លួនដើម្បីរង់ចាំទស្សនាការលេងរបស់គេ។
លោក Matias Fondato អតីតកីឡាករក្រុមធំរបស់ Newell's Old Boys ដែលបច្ចុប្បន្នបានប្តូរអាជីពមកជាសិល្បករគំនូរ បានរំឮកប្រាប់សារព័ត៌មាន talkSPORT ថា៖ «គ្រប់គ្នាខ្សឹបខ្សៀវគ្នាមិនដាច់ពីមាត់ពីក្មេងប្រុសមន្តអាគមរូបនេះដែលបានលត់ក្រុមក្មេងៗដទៃ។ នៅពេលនោះ ពួកយើងដែលជាកីឡាករក្រុមធំ តែងតែឆ្លៀតពេលបន្ទាប់ពីងូតទឹករួច និងមុនពេលឡានក្រុងចេញដំណើរទៅសណ្ឋាគារ ដើម្បីទៅឈរមើលគេលេង។ វាជារឿងដ៏អស្ចារ្យបំផុតដែលបានឃើញគេលេងក្នុងវ័យត្រឹមតែ ៩ ឆ្នាំ ប៉ុន្តែមានការគិតនិងបច្ចេកទេសល្អដូចមនុស្សពេញវ័យអញ្ចឹង»។
ក្រុមយុវជនរបស់ Messi កាលនោះត្រូវបានគេស្គាល់ថាជាក្រុម "The Machine of 87" ដែលមានកំណត់ត្រាមិនដែលចាញ់សោះក្នុងរយៈពេល ៣ ឆ្នាំ។ ភាពប៉ិនប្រសប់ទាំងវ័យក្មេងនេះ ថែមទាំងធ្វើឱ្យអ្នកគាំទ្រក្នុងស្រុកយករូបគេទៅប្រៀបធៀបជាមួយស្តេចបាល់ទាត់ Diego Maradona ទៀតផង។ ទំនាក់ទំនងរវាងលោក Fondato និង Messi ត្រូវបានតភ្ជាប់ឡើងវិញតាមរយៈផ្ទាំងទស្សនីយភាពសិល្បៈ ដោយលោក Fondato បានគូរគំនូរប្រេងមួយផ្ទាំង និងបានយកទៅប្រគល់ជូន Messi ដោយផ្ទាល់ដៃ មុនពេលព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ ឈានចូលមកដល់ ដែលជានិមិត្តរូបនៃការចងចាំកាលពីជាង ២០ ឆ្នាំមុន នៅលើទីលានហ្វឹកហាត់ក្នុងទីក្រុង Rosario។