Morgan Rogers ចាត់ទុកការរិះគន់លើ Jude Bellingham ថាជារឿង «គួរឱ្យអស់សំណើច» ក្រោយមិត្តរួមក្រុមរូបនេះស៊ុត 6 គ្រាប់ម្នាក់ឯងក្នុង World Cup
អត្ថបទសរសេរដោយ Danny • 30 views
ខ្សែបម្រើ Morgan Rogers បានចេញមុខមកវាយបកទៅលើមតិរិះគន់ទាំងឡាយកាលពីមុនការប្រកួត World Cup ដែលធ្លាប់និយាយថា Jude Bellingham មិនគួរមានឈ្មោះក្នុងជម្រើសដំបូងរបស់ក្រុមជម្រើសជាតិអង់គ្លេសឡើយ។ ពេលនេះ ខ្សែបម្រើឆ្នើមរបស់ក្លិប Real Madrid រូបនេះ បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យនៅតំបន់អាមេរិកខាងជើង និងបានធ្វើឱ្យអ្នករិះគន់ទាំងអស់បិទមាត់ឈឹង ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Thomas Tuchel។
នៅក្នុងការប្រកួតវគ្គ 8 ក្រុមចុងក្រោយ Bellingham បានបន្តធ្វើព្យុះធ្វើភ្លៀងដោយស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯង ជួយឱ្យអង់គ្លេស (England) យកឈ្នះន័រវែស (Norway) ២-១ ព្រមទាំងបង្កើតកំណត់ត្រាស្មើនឹងវីរៈបុរសបាល់ទាត់លោក Diego Maradona កាលពី 40 ឆ្នាំមុន (ក្នុងឆ្នាំ 1986) ទៀតផង ដោយសារតែគេអាចស៊ុតបាន ២ គ្រាប់ក្នុងមួយប្រកួត សម្រាប់ពីរប្រកួតជាប់គ្នាក្នុងវគ្គជម្រុះធ្លាក់។ កីឡាករវ័យ 23 ឆ្នាំរូបនេះ គឺជាកម្លាំងចលករដ៏សំខាន់ជួយឱ្យអង់គ្លេសវាយបកយកឈ្នះក្រុមន័រវែស ដែលដឹកនាំដោយ Erling Haaland។
ថ្វីត្បិតតែពេលនេះ Bellingham គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេឱ្យអង់គ្លេសដោយរកបាន 6 គ្រាប់ក៏ដោយ ប៉ុន្តែមុនពេលការប្រកួតចាប់ផ្តើម មានសារព័ត៌មានមួយចំនួនបានរិះគន់រូបគេ និងចង់ឱ្យលោក Thomas Tuchel យក Rogers មកលេងជំនួសតំណែងលេខ 10 របស់គេវិញ។ ជុំវិញរឿងនេះ កីឡាករ Rogers របស់ក្លិប Aston Villa បានប្រាប់ FOX Sports ទាំងហួសចិត្តថា៖ «គេប្រហែលជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍នេះហើយមែនទេ? ពិតជាមិនគួរឱ្យជឿទាល់តែសោះ។ ខ្ញុំគិតថាគំនិតរបស់មនុស្សមួយចំនួនដែលថារូបគេនឹងមិនបានចូលលេង ឬមិនគួរមានមុខក្នុងព្រឹត្តិការណ៍នេះ គឺជារឿងដ៏កំប្លែងនិងឥតប្រយោជន៍បំផុត»។
Rogers បានសរសើរមិត្តរួមក្រុមរូបនេះបន្ថែមថា Bellingham មិនត្រឹមតែចេះស៊ុតបញ្ចូលទីឡើយ ប៉ុន្តែគេជាកីឡាករដែលលេងដើម្បីក្រុមទាំងមូល ដោយខំប្រឹងរត់ជួយការពារផង និងវាយបកផង រហូតដល់អស់កម្លាំងល្វើយពីខ្លួនរាល់ពេលចប់ការប្រកួតម្តងៗ។ នៅថ្ងៃពុធខាងមុខនេះ ក្រុមអង់គ្លេសត្រូវត្រៀមខ្លួនប្រកួតតទល់ជាមួយក្រុមអាហ្សង់ទីន (Argentina) ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមតំណែងឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup ហើយគ្រប់គ្នាសង្ឃឹមថា Bellingham នឹងនៅតែបន្តធ្វើបានល្អបែបនេះទៀត។