Morgan Rogers ប្តេជ្ញារក្សាជំហររឹងមាំ មិនខ្វល់ពីរឿងចរចាផ្ទេរទៅ Arsenal ឡើយ ស្របពេលកំពុងជួយអង់គ្លេសនៅ World Cup
អត្ថបទសរសេរដោយ Danny • 47 views
តារាឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Morgan Rogers បានអះអាងថា រូបគេកំពុងផ្ដោតអារម្មណ៍យ៉ាងខ្លាំងក្នុងការរក្សាភាពហ្មត់ចត់ និងមិនបណ្តោយឱ្យពាក្យចចាមអារ៉ាមអំពីការផ្ទេរក្លិប មករំខានដល់ទម្រង់លេងដ៏លេចធ្លោរបស់ខ្លួនឡើយ។ បច្ចុប្បន្ន ខ្សែប្រយុទ្ធស្លាបវ័យ ២៣ ឆ្នាំរបស់ក្លិប Aston Villa រូបនេះ កំពុងតែមានវត្តមានជួយក្រុមតោខៀវអង់គ្លេសក្នុងយុទ្ធនាការ World Cup ហើយត្រូវបានគេដឹងថាជាគោលដៅដេញថ្លៃលំដាប់កំពូលម្នាក់របស់ក្លិប Arsenal នារដូវក្តៅនេះ។
នៅពេលត្រូវសាកសួរអំពីសម្ពាធនៃការលេងឱ្យក្រុមជម្រើសជាតិ និងព័ត៌មានផ្ទេរទៅកាន់កាំភ្លើងធំ លោក Rogers បានឆ្លើយតបថា៖ «ខ្ញុំគ្រាន់តែរីករាយនឹងវាពីមួយថ្ងៃទៅមួយថ្ងៃ។ ការដែលឈ្មោះរបស់ខ្ញុំត្រូវបានគេលើកយកមកពិភាក្សាបែបនេះ វាបង្ហាញថាខ្ញុំកំពុងធ្វើអ្វីមួយបានត្រឹមត្រូវ និងកំពុងដើរទៅមុខ។ វាជាកិត្តិយសណាស់ ប៉ុន្តែខ្ញុំមិនបណ្តោយឱ្យវាធ្វើឱ្យខ្ញុំភ្លេចខ្លួនឡើយ អ្វីដែលសំខាន់គឺការអភិវឌ្ឍខ្លួនបន្ថែមទៀត»។ គួរបញ្ជាក់ថា Rogers បានផ្ទេរមកចូលរួមជាមួយ Aston Villa កាលពី ២ ឆ្នាំកន្លះមុនប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានវិវត្តខ្លួនទៅជាកីឡាករវ័យក្មេងដ៏ល្អបំផុតម្នាក់នៅក្នុងលីគ និងជាសមាជិកដ៏សំខាន់ក្នុងក្រុមអង់គ្លេសក្រោមការដឹកនាំរបស់លោក Thomas Tuchel។
ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា គន្លឹះសំខាន់បំផុតដើម្បីឈានទៅដល់កម្រិតកំពូល គឺស្ថិរភាពនៃការលេង (Consistency)។ លោកបានយកគំរូតាមរៀមច្បងរួមក្រុមដូចជា Harry Kane និង Jude Bellingham ដែលបានរក្សាទម្រង់លេងលំដាប់ខ្ពស់បានរហូតដល់ទៅ ៥ ទៅ ៨ ឆ្នាំជាប់ៗគ្នា។ Rogers បានសង្កត់ធ្ងន់ថា ខ្លួននៅមានផ្លូវវែងឆ្ងាយទៀតដែលត្រូវរៀនសូត្រ ប៉ុន្តែរូបគេមានគោលដៅច្បាស់លាស់ គឺចង់ឱ្យឈ្មោះរបស់ខ្លួនស្ថិតក្នុងចំណោមដណ្តើមតំណែងកីឡាករល្អបំផុតប្រចាំប្រទេសអង់គ្លេស និងនៅតំបន់អឺរ៉ុបនាពេលអនាគត។