«ដេញតាមទាន់កំណត់ត្រា Maradona!» Lionel Messi ដឹកនាំអាហ្សង់ទីនវាយបកយកឈ្នះអេស៊ីប ៣-២ ទាំងមិនគួរឱ្យជឿ ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ World Cup 2026
អត្ថបទសរសេរដោយ Danny • 46 views
ប្រធានក្រុមដ៏ឆ្នើម Lionel Messi បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងព្រឹត្តិការណ៍ World Cup ដោយដេញទាន់កំណត់ត្រារបស់វីរៈបុរសលោក Diego Maradona ក្រោយពេលជួយឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន វាយបកយកឈ្នះក្រុមអេស៊ីប ក្នុងលទ្ធផល ៣-២ យ៉ាងរំភើបបំផុត ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៅទីក្រុង Atlanta។
ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន បានធ្លាក់ក្នុងស្ថានភាពដុនដាបយ៉ាងខ្លាំងដោយត្រូវក្រុមអេស៊ីបនាំមុខ ២-០ មុន តាមរយៈការស៊ុតបញ្ចូលទីរបស់កីឡាករ Yasser Ibrahim នៅនាទីទី ១៥ និង Mostafa Zico នៅនាទីទី ៦៧។ លើសពីនេះ Messi ថែមទាំងបានទាត់បាល់ពិន័យ១១ម៉ែត្រមិនចូលទៀតផងនៅវគ្គទីមួយ។ ទោះជាយ៉ាងណា ការវាយបកដ៏អស្ចារ្យបានចាប់ផ្តើមនៅនាទីទី ៧៩ ដោយខ្សែការពារ Cristian Romero រកបានគ្រាប់ដំបូង មុនពេល Lionel Messi ស៊ុតបាល់ពាក់កណ្តាលហោះយ៉ាងស្អាតតាមស្មើ ២-២ នៅនាទីទី ៨៣។ ចូលដល់ម៉ោងបន្ថែមបង្គ្រប់កិច្ចទៅហើយ ខ្សែបម្រើ Enzo Fernandez បានតែតបញ្ចូលទីគ្រាប់ជ័យជម្នះដ៏មានតម្លៃ បញ្ចប់ក្តីស្រមៃរបស់អេស៊ីបត្រឹមវគ្គនេះ។
តាមប្រភពទិន្នន័យពី OptaJoe បានបង្ហាញថា Lionel Messi បានក្លាយជាកីឡាករដំបូងបង្អស់គិតចាប់តាំងពីឆ្នាំ ១៩៨៦ ដែលអាចរកគ្រាប់បាល់បាន ព្រមទាំងអូសបាល់ដាច់ (Dribbles) ៥ ដងឡើងទៅ និងបង្កើតឱកាសសម្រុក (Chances created) ៥ ដងឡើងទៅក្នុងមួយប្រកួត World Cup ដែលស្មើនឹងសមិទ្ធផលដែលលោក Diego Maradona ធ្លាប់ធ្វើបានទល់នឹងក្រុមប៊ែលហ្សិក កាលពី ៤០ ឆ្នាំមុន។ បច្ចុប្បន្ន Messi រកបាន ៨ គ្រាប់ហើយក្នុងការប្រកួត World Cup 2026 នេះ ដែលជាចំនួនច្រើនបំផុតក្នុង ៥ ប្រកួតដំបូងរបស់កីឡាករម្នាក់ គិតចាប់តាំងពីលោក Gerd Muller ធ្វើបាន ១០ គ្រាប់កាលពីឆ្នាំ ១៩៧០។