Manuel Akanji សង្ឃឹមថា Inter Milan នឹងទិញផ្តាច់ខ្លួន បន្ទាប់ពីការចាប់ផ្តើមដ៏ល្អ
អត្ថបទសរសេរដោយ Bonat • 108 views
ខ្សែការពារ Manuel Akanji (វ័យ ៣០ ឆ្នាំ) ដែលត្រូវបាន Inter Milan ខ្ចីជើងពី Manchester City ជាមួយនឹងជម្រើសទិញផ្តាច់ €១៥ លានអឺរ៉ូ បានបញ្ជាក់ថា លោក "សង្ឃឹមថា Inter នឹងចុះហត្ថលេខាលើរូបខ្ញុំជាអចិន្ត្រៃយ៍" បន្ទាប់ពីការចាប់ផ្តើមលេងដ៏រឹងមាំរបស់លោកនៅលីគ Serie A។ Akanji បានសម្របខ្លួនយ៉ាងលឿនទៅនឹងប្រព័ន្ធការពាររបស់លោក Cristian Chivu ដោយបាន ចូលលេងគ្រប់នាទី នៅក្នុងការប្រកួតលីគទាំងអស់ (៩ ប្រកួត) និង ៤ ប្រកួត ក្នុងពាន Champions League ដែលធ្វើឱ្យលោកក្លាយជាកីឡាករសំខាន់ម្នាក់នៅ Inter។
ជម្រើសទិញផ្តាច់តម្លៃ €១៥ លានអឺរ៉ូ នឹង ក្លាយជាកាតព្វកិច្ច ប្រសិនបើ Inter ឈ្នះពាន Serie A ឆ្នាំ ២០២៥-២៦ ហើយ Akanji លេងយ៉ាងហោចណាស់ ៥០% នៃការប្រកួត។ Akanji ដែលបានបដិសេធ AC Milan មុនពេលចូលរួម Inter ត្រូវបានគេរំពឹងថានឹងបន្តនៅ Milan នាពេលខាងមុខនេះ ដោយលោកចង់ជួយក្រុម ឱ្យឈ្នះពានរង្វាន់ធំៗ ជាពិសេសពាន Champions League។
