Manchester United ត្រៀមបំបែកកំណត់ត្រាទិញយកតារាឆ្នើម Real Madrid ម្នាក់ ដោយហ៊ានចំណាយជាង ១០០លានអឺរ៉ូ!
អត្ថបទសរសេរដោយ Danny • 36 views
ក្លិបបិសាចក្រហម Manchester United ត្រូវបានរាយការណ៍ថា ត្រៀមខ្លួនចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់ដើម្បីនាំយកខ្សែបម្រើឆ្នើមមកពង្រឹងក្រុមឡើងវិញ ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន លោក Michael Carrick និងក្រុមហ៊ុន INEOS។ បន្ទាប់ពីការស្ទាក់ស្ទើរក្នុងការចរចារហូតធ្វើឱ្យរបូតគោលដៅសំខាន់ៗដូចជា Mateus Fernandes ទៅឱ្យក្រុម Tottenham ព្រមទាំងខកខានឱកាសយក Sandro Tonali និង Elliot Anderson ផងនោះ ពេលនេះយុទ្ធសាស្ត្ររបស់ពួកគេបានបង្វែរទៅរកតារាឆ្នើមរបស់ Real Madrid វិញ។
យោងតាមអ្នកជំនាញទីផ្សារដោះដូរកីឡាករ លោក Fabrizio Romano និងសារព័ត៌មាន The Athletic បានឱ្យដឹងថា គោលដៅលំដាប់កំពូលរបស់បិសាចក្រហមគឺខ្សែបម្រើការពារជាតិបារាំង Aurelien Tchouameni វ័យ ២៦ ឆ្នាំ។ ក្លិប Manchester United ហ៊ានផ្តល់សំណើខ្ពស់ជាង ១០០ លានអឺរ៉ូ ដើម្បីបញ្ចុះបញ្ចូលឱ្យ Real Madrid ព្រមបើកផ្លូវលក់។ ខាងផ្ទៃក្នុងរបស់ក្លិប United បានចាត់ទុក Tchouameni ថាជាកីឡាករដែលមានស្មារតីលេងកម្រិតពិភពលោក និងជាអ្នកបន្តវេនដ៏ល្អឥតខ្ចោះបំផុតក្នុងការមកជំនួសតំណែងរបស់ Casemiro។
ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងដ៏ធំមួយនេះកំពុងជួបប្រទះនឹងឧបសគ្គធំៗចំនួនពីរ។ ទីមួយ គឺរឿងប្រាក់បៀវត្សរ៍ ដោយសារបច្ចុប្បន្ន Tchouameni ទទួលបានប្រាក់ខែខ្ពស់ខ្លាំងនៅ Real Madrid ហើយខាង United បានបញ្ជាក់ច្បាស់ថា គេអាចផ្ទេរមកបាន លុះត្រាតែមានការកែសម្រួលរចនាសម្ព័ន្ធប្រាក់ខែថ្មី។ ឧបសគ្គទីពីរ គឺជំហររបស់ក្លិបអធិរាជស ដែលបច្ចុប្បន្នគ្រូបង្វឹកលោក Jose Mourinho នៅតែចាត់ទុកខ្សែបម្រើរូបនេះជាផ្នែកមួយដ៏សំខាន់ក្នុងផែនការរបស់លោក ហើយខាង Real Madrid ក៏មិនទាន់បានផ្តល់សញ្ញាវិជ្ជមានណាមួយក្នុងការបើកការចរចាជាមួយ United នៅឡើយទេ។