Luka Modric ជឿជាក់ថា ក្រុមធំៗតែងតែទទួលបានផលចំណេញពីការសម្រេចចិត្តរបស់អាជ្ញាកណ្តាល និងប្រព័ន្ធ VAR ជាងក្រុមតូច
អត្ថបទសរសេរដោយ Danny • 43 views
ប្រធានក្រុមជម្រើសជាតិក្រូអាត កីឡាករ Luka Modric បានចេញមុខរិះគន់បច្ចេកវិទ្យាជំនួយអាជ្ញាកណ្តាល VAR យ៉ាងចាស់ដៃ បន្ទាប់ពីក្រុមរបស់លោកត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ២០២៦ ក្រោមថ្វីជើងព័រទុយហ្គាល់ក្នុងលទ្ធផល ២-១។ ខ្សែបម្រើចាស់វស្សារូបនេះបានអះអាងថា ក្រុមក្រូអាតទទួលបានការកាត់សេចក្តីមិនយុត្តិធម៌ឡើយ ចំពោះការផ្តល់បាល់ប៉េណាល់ទីឱ្យគូប្រកួត និងការបដិសេធគ្រាប់បាល់តាមស្មើនៅចុងម៉ោង។
Modric បានសង្កត់ធ្ងន់ថា ស្ថានភាពប៉េណាល់ទីដែលកើតឡើងរវាង Nikola Vlasic និងកីឡាករព័រទុយហ្គាល់ គឺគ្រាន់តែជាការប្រទាញប្រទង់គ្នាធម្មតាប៉ុណ្ណោះ ហើយលោកជឿជាក់ថា បើស្ថានភាពបែបនេះកើតឡើងលើភាគីម្ខាងទៀតវិញ គឺ VAR នឹងមិនអន្តរាគមន៍ដាច់ខាត។ លោកបានថ្លែងទាំងខកចិត្តថា៖ «តាំងពីដំបូងមក ខ្ញុំមិនដែលចូលចិត្ត VAR ឡើយ ព្រោះវាត្រូវបានគេយកមកប្រើប្រាស់ទាំងខុសឆ្គង និងលំអៀង។ ប្រព័ន្ធនេះគួរតែប្រើនៅពេលមានកំហុសឆ្គងច្បាស់ក្រឡែត ២០០% ប៉ុណ្ណោះ ប៉ុន្តែរាល់ពេលសម្រេចសេចក្តីប្រផិតប្រផើយ បែបណាក៏បាន គឺវាតែងតែធ្វើឱ្យយើងខាតបង់ជានិច្ច»។
ក្រៅពីបញ្ហាប៉េណាល់ទី វីរៈបុរសវ័យ ៤០ ឆ្នាំរូបនេះក៏បានបង្ហាញការមិនពេញចិត្តចំពោះការបដិសេធគ្រាប់បាល់តាមស្មើនៅចុងម៉ោងផងដែរ ដោយលោកបញ្ជាក់ថា បើតាមការពិនិត្យវីដេអូឡើងវិញ កីឡាករ Igor Matanovic មិនបានប៉ះបាល់ឡើយ ដែលមានន័យថាវាលែងជាកំហុសក្រៅហ្គេម (Offside) ទៀតហើយ។ ការធ្លាក់ចេញទាំងសោកស្តាយនេះ ត្រូវបានគេមើលឃើញថាជាការបញ្ចប់ដំណើរនៅលើឆាក World Cup ចុងក្រោយបង្អស់ក្នុងអាជីពដ៏អស្ចារ្យរបស់ Luka Modric ផងដែរ។