លោក Luis de la Fuente សរសើរ Mikel Merino យ៉ាងខ្លាំង ក្រោយជួយអេស្ប៉ាញទម្លាក់ប៊ែលហ្សិក ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup
អត្ថបទសរសេរដោយ Danny • 36 views
គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis de la Fuente បានសរសើរខ្សែបម្រើ Mikel Merino ថាជាកីឡាករដែលលេងត្រូវទម្រង់និងយុទ្ធសាស្ត្ររបស់ក្រុមយ៉ាងល្អឥតខ្ចោះ បន្ទាប់ពីលោកបានចុះមកជួយក្រុមឱ្យឈ្នះប៊ែលហ្សិក ក្នុងលទ្ធផល ២-១ យ៉ាងលំបាក។ ជ័យជម្នះនេះ បានជួយឱ្យក្រុមគោជល់អេស្ប៉ាញ កក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ទៅជួបក្រុមខ្លាំងបារាំង។
ទោះបីជាមិនមែនជាកីឡាករដែលបានចាប់ផ្តើមលេងតាំងពីដំបូង (ជម្រើស ១១ នាក់ដំបូង) ជាទៀងទាត់ក៏ដោយ ក៏ខ្សែបម្រើរបស់ក្លិប Arsenal រូបនេះ តែងតែបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ និងអាចជួយកែប្រែស្ថានការណ៍ប្រកួតបានរាល់ពេលដែលគ្រូបង្វឹកប្ដូរចូល។ លោក De la Fuente បានពន្យល់ពីសមត្ថភាពពិសេសរបស់ Merino ថា៖ «Merino មានចំណុចល្អៗជាច្រើន គេអាចលេងឱ្យក្រុមជម្រើសជាតិ ឬក្លិបណាក៏បានក្នុងលោក។ សម្រាប់យើង គេត្រូវម៉ាច់ជាមួយទម្រង់លេងរបស់ក្រុមយើងតែម្តង។ គេជាកីឡាករដែលអាចលេងបានច្រើនតំណែង ទាំងខ្សែបម្រើការពារ ខ្សែបម្រើប្រយុទ្ធ ហើយមានពេលខ្លះយើងថែមទាំងគិតចង់ឱ្យគេទៅលេងជាខ្សែប្រយុទ្ធកណ្តាលទៀតផង ព្រោះគេធ្វើបានល្អទាំងអស់»។
ការដណ្តើមបានជ័យជម្នះលើប៊ែលហ្សិកនេះ ធ្វើឱ្យអេស្ប៉ាញត្រូវត្រៀមខ្លួនជួបប្រកួតធំជាមួយបារាំង នៅកីឡដ្ឋាន Dallas នាថ្ងៃអង្គារ ទី១៤ ខែកក្កដា ខាងមុខនេះ។ លោកគ្រូបង្វឹកអេស្ប៉ាញ បានបង្ហាញទំនុកចិត្តខ្ពស់លើក្រុមកីឡាកររបស់លោក ដោយសារតែអេស្ប៉ាញគឺជាក្រុមតែមួយគត់ក្នុងលោកនាពេលបច្ចុប្បន្ន ដែលធ្លាប់បានយកឈ្នះក្រុមបារាំង ២ ប្រកួតជាប់ៗគ្នាកន្លងមក ដូច្នេះលោកជឿថាបារាំងក៏មានការព្រួយបារម្ភពីអេស្ប៉ាញដូចគ្នាដែរ។