Louis Saha ជឿជាក់ថា Cristiano Ronaldo មានកាយសម្បទាដូចមនុស្សយន្ត និងអាចលេងដល់ World Cup ២០៣០
អត្ថបទសរសេរដោយ Danny • 38 views
ទោះបីជាបានឆ្លងកាត់ការរត់ប្រៀបដូចជាការប្រកួតម៉ារ៉ាតុងចំនួន «១,០០០ ដង» ក្នុងអាជីពរួចទៅហើយក្តី កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានអតីតមិត្តរួមក្រុម Manchester United លោក Louis Saha អះអាងថា នៅតែមានលទ្ធភាពបន្តលេងឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ រហូតដល់ព្រឹត្តិការណ៍ World Cup ២០៣០ ខាងមុខ ដែលប្រទេសព័រទុយហ្គាល់ធ្វើជាម្ចាស់ផ្ទះរួមជាមួយអេស្ប៉ាញ និងម៉ារ៉ុក។
បច្ចុប្បន្នភាពក្នុងវ័យ ៤១ ឆ្នាំ វីរៈបុរសរូបនេះកំពុងដឹកនាំព័រទុយហ្គាល់ក្នុងពានរង្វាន់ World Cup ២០២៦ លើកទី៦ របស់ខ្លួន ហើយទម្រង់លេងរបស់លោកនៅតែមិនទាន់មានសញ្ញាថមថយឡើយ ក្រោយទើបតែជួយក្លិប Al-Nassr លើកពានលីគអារ៉ាប៊ីសាអូឌីត។ Ronaldo នៅមានគោលដៅធំៗផ្ទាល់ខ្លួនដែលត្រូវសម្រេច ដូចជាការស្វែងរកគ្រាប់បាល់អាជីពឱ្យគ្រប់ ១,០០០ គ្រាប់ និងបំណងប្រាថ្នាចង់ចូលលេងក្នុងក្រុមតែមួយជាមួយកូនប្រុសច្បង Cristiano Jr របស់លោក។
លោក Saha បានលើកឡើងពីភាពខុសគ្នារវាង Ronaldo និង Lionel Messi ថា៖ «Cristiano លេងដូចមនុស្សយន្ត។ ខួរក្បាល និងរាងកាយរបស់គាត់មិនដូចមនុស្សធម្មតាឡើយ។ សូម្បីតែ Messi ក៏មិនមានខួរក្បាលបែបនេះដែរ ព្រោះ Messi ដឹងខ្លួនថាគាត់មិនអាចរត់បានច្រើនដូចមុនឡើយ ហើយត្រូវការមិត្តរួមក្រុម ៨ ទៅ ៩ នាក់ជួយទប់ទល់។ ផ្ទុយទៅវិញ Ronaldo មិនដែលសុំជំនួយឡើយ គាត់តែងតែគិតថាគាត់នៅតែរឹងមាំដូចវ័យ ៣៥ ឆ្នាំ ហើយការរត់ចម្ងាយពី ៩,៥ ទៅ ១១ គីឡូម៉ែត្រក្នុងមួយប្រកួត គឺជាតួរលេខដ៏ឆ្កួតឡីឡាមួយ»។
បច្ចុប្បន្ន Ronaldo កំពុងរក្សាកាយសម្បទាយ៉ាងល្អឥតខ្ចោះ ដើម្បីត្រៀមខ្លួនដឹកនាំព័រទុយហ្គាល់ប្រឈមមុខនឹងក្រុមជិតខាង អេស្ប៉ាញ (Spain) នៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃ World Cup ២០២៦ នេះ។ ប្រសិនបើជួបការខកចិត្តសារជាថ្មី វានឹងរឹតតែជម្រុញចិត្តឱ្យស្ដេចបាល់ទាត់រូបនេះ បន្តលេងរហូតដល់វ័យជិត ៥០ ឆ្នាំ ដើម្បីដេញតាមពានរង្វាន់ពិភពលោកដែលលោកមិនធ្លាប់ឈ្នះ។