នៅលើទីលានទាត់ខ្ញុំឡើងទន់ឆ្អឹង! Lionel Messi និយាយលេងសើចពីការលេងអុកឡុកពីសំណាក់កីឡាករ Cape Verde ដែលមកសុំថតរូប Selfie ក្រោយចប់ការប្រកួត
អត្ថបទសរសេរដោយ Danny • 44 views
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានបង្ហាញអារម្មណ៍រីករាយ និងនិយាយលេងសើចចំពោះការលេងបែបបុកប៉ះទង្គិចខ្លាំងៗពីសំណាក់កីឡាករ Cape Verde បន្ទាប់ពីអាហ្សង់ទីនបានយកឈ្នះទាំងលំបាកក្នុងលទ្ធផល ៣-២ ផ្ដាច់សំបុត្ររបស់ក្រុមជម្រើសជាតិ Cape Verde ឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ World Cup ២០២៦។
ទោះបីជាការប្រកួតមានភាពតានតឹង និងកាចសាហាវនៅលើទីលានយ៉ាងណាក៏ដោយ ប៉ុន្តែក្រោយផ្លុំកញ្ចែបញ្ចប់ការប្រកួត កីឡាកររបស់ Cape ដេលជាច្រើនរូប បាននាំគ្នាមកចោមរោមសុំអាវ និងសុំថតរូបអនុស្សាវរីយ៍ (Selfie) ជាមួយស្ដេចបាល់ទាត់រូបនេះយ៉ាងច្រើនកុះករ។ Messi បានថ្លែងប្រាប់សារព័ត៌មាន TyC Sports ទាំងសំណើចថា៖ «ពួកគេមកសុំអាវខ្ញុំ សុំគ្រប់យ៉ាង... ប៉ុន្តែអ្នកដឹងទេ នៅលើទីលានប្រកួត ពួកគេទាត់ខ្ញុំឡើងចង់ទន់ឆ្អឹងទៅហើយ»។
ក្រៅពីការនិយាយលេងសើច ខ្សែប្រយុទ្ធវ័យចាស់រូបនេះក៏បានទទួលស្គាល់ផងដែរថា ទម្រង់លេងរបស់អាហ្សង់ទីនក្នុងប្រកួតនេះគឺធ្លាក់ចុះជាងស្តង់ដារធម្មតា ដោយក្រុមបានបាត់បង់ការគ្រប់គ្រងការប្រកួត និងថយទៅការពារខ្លាំងពេកក្រោយពេលរកគ្រាប់បាល់នាំមុខបាន។ ទោះជាយ៉ាងណា លោកបានសរសើរពីការប្រើប្រាស់ឱកាសពីការលើកបាល់ហ្វ្រីឃីក និងបាល់ជ្រុង (Set-pieces) ដែលជាគន្លឹះសំខាន់ជួយឱ្យក្រុមទទួលបានជ័យជម្នះ។
បច្ចុប្បន្ន Lionel Messi រកបានគ្រាប់បាល់សរុបចំនួន ២០ គ្រាប់ហើយនៅក្នុងប្រវត្តិសាស្ត្រ World Cup របស់ខ្លួន ខណៈដែលក្រុមអាហ្សង់ទីនត្រូវត្រៀមខ្លួនឡើងទៅតទល់នឹងក្រុមជម្រើសជាតិអេស៊ីប (Egypt) នៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយបន្តទៀត។