Leandro Paredes រងការរិះគន់យ៉ាងចាស់ដៃថាជា «រឿងអាម៉ាស់» ក្រោយទង្វើអសមរម្យរបស់ខ្សែបម្រើអាហ្សង់ទីនរូបនេះ បានបិទបាំងទិដ្ឋភាពអបអរសាទរពានរង្វាន់ World Cup របស់អេស្ប៉ាញ
អត្ថបទសរសេរដោយ Danny • 30 views
អ្នកវិភាគបាល់ទាត់ល្បីៗប្រចាំចក្រភពអង់គ្លេស បានចេញមុខថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើមិនគប្បីក្រោយបញ្ចប់ការប្រកួតរបស់ Leandro Paredes បន្ទាប់ពីអាហ្សង់ទីនចាញ់អេស្ប៉ាញ ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup នៅរដ្ឋ New Jersey។ ភាពតានតឹងបានផ្ទុះឡើងខ្លាំងភ្លាមៗនៅពេលចប់ការប្រកួត ដោយកាមេរ៉ាចាប់បានទិដ្ឋភាព Paredes ស្ទុះទៅចាប់កញ្ចឹងក Eric Garcia និងច្រាន Gavi ឱ្យដួលទៅលើដី ស្របពេលដែល Nahuel Molina បានដេញវាយ Rodri ដែលកំពុងរត់អបអរសាទរ រហូតធ្វើឱ្យ Paredes ទទួលបានកាតក្រហមបន្ថែម។
សកម្មភាពខ្វះស្មារតីកីឡាទាំងនេះ ធ្វើឱ្យអ្នកវិភាគល្បីៗដូចជា Joe Hart, Wayne Rooney, Gary Neville, និង Micah Richards មិនពេញចិត្តយ៉ាងខ្លាំង។ លោក Joe Hart បានលើកឡើងថា មានតែប្រធានក្រុម Lionel Messi ម្នាក់គត់ដែលមានសីលធម៌ខ្ពស់ ដោយបានដើរចាប់ដៃជាមួយកីឡាករអេស្ប៉ាញគ្រប់រូប ខណៈទង្វើរបស់កីឡាករផ្សេងទៀតពិតជាគួរឱ្យស្អប់ខ្ពើម។ ចំណែកឯ Wayne Rooney បានបន្ថែមថា ការប្រើហិង្សានេះ គ្រាន់តែជាប្រតិកម្មបិទបាំងភាពទន់ខ្សោយ បន្ទាប់ពីពួកគេត្រូវគេលេងស៊ីដាច់ទាំងបច្ចេកទេស និងកម្លាំងនៅលើទីលានតែប៉ុណ្ណោះ។
ក្រោយព្រឹត្តិការណ៍ដ៏ក្តៅគគុកនេះកើតឡើង ទាំង Leandro Paredes និង Nahuel Molina ត្រូវបានគេរំពឹងថានឹងត្រូវប្រឈមមុខនឹងការដាក់ពិន័យកម្រិតធ្ងន់ធ្ងរពីសំណាក់សហព័ន្ធ FIFA មិនខាន។ ជាមួយគ្នានេះ ខ្សែបម្រើ Enzo Fernandez ក៏នឹងត្រូវជាប់ពិន័យព្យួរជើងផងដែរ បន្ទាប់ពីទទួលបានកាតលឿងពីរដង (កាតក្រហម) ក្នុងម៉ោងប្រកួត។