Lamine Yamal ពាក់របាំងក្បាលដែលមានអក្សរ «EGO» ផ្អើលព្រឹត្តិការណ៍ World Cup ២០២៦ ក្រោយឈ្នះអូទ្រីស
អត្ថបទសរសេរដោយ Danny • 38 views
ខ្សែប្រយុទ្ធវ័យក្មេងឆ្នើមរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ និងក្លិប Barcelona កីឡាករ Lamine Yamal បានបង្កើតឱ្យមានការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកពេញបណ្តាញសង្គម បន្ទាប់ពីរូបគេបានពាក់របាំងការពារក្បាល (Headband) ដែលមានសរសេរពាក្យថា «Ego Yamal» នៅក្នុងការប្រកួតជួយអេស្ប៉ាញយកឈ្នះអូទ្រីស ៣-០។ មហាជនជាច្រើនបានចោទសួរថា តើវាគ្រាន់តែជាស្ទីលម៉ូដសម្លៀកបំពាក់ប្លែកភ្នែក ឬក៏ជាសារលាក់កំបាំងណាមួយទៅកាន់អ្នករិះគន់?
យោងតាមការចុះផ្សាយពីស្ថានីយវិទ្យុអេស្ប៉ាញ COPE បានទម្លាយថា ការជ្រើសរើសពាក់របាំងក្បាលនេះមិនមែនជារឿងចៃដន្យឡើយ។ វាគឺជាការឆ្លើយតបចំៗទៅនឹងការរិះគន់ និងការលេងសើចនៅលើបណ្តាញសង្គម TikTok ដែលអ្នកលេងអ៊ីនធឺណិតមួយចំនួនបានដាក់រហស្សនាមឱ្យរូបគេបែបឌឺដងថា «Ego Lamine» ដោយចោទប្រកាន់ថាខ្សែប្រយុទ្ធវ័យក្មេងរូបនេះមានចរិតឫកពាខ្ពស់ និងក្រអើតក្រទមនៅលើទីលាន។ ជំនួសឱ្យការអាក់អន់ចិត្ត ឬធ្វើមិនដឹងមិនឮ យុវជនឆ្នើមរូបនេះបានសម្រេចចិត្តយកវាមកធ្វើជាការលេងសើចវិញ ដោយពាក់បង្ហាញនៅលើក្បាលដោយមោទនភាពក្នុងជំនួបផ្លូវការរបស់ជាតិ។ ទង្វើនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រចំពោះភាពវៃឆ្លាត និងការមិនតតាំងដោយហិង្សា។
បន្ទាប់ពីបានឆ្លងផុតវគ្គចែកពូល និងវគ្គមុនៗដោយជោគជ័យ ក្រុមកូនកាត់អេស្ប៉ាញ (Spain) ត្រូវត្រៀមខ្លួនប្រឈមមុខនឹងការសាកល្បងដ៏ធំធេងនៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ដោយត្រូវតទល់នឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ (Portugal)។ ភ្នែកទាំងអស់នឹងបន្តសម្លឹងមើលមកកាន់ Yamal ថាតើរូបគេអាចបន្តបង្កើតភាពលេចធ្លោនៅលើទីលានប្រកួតកម្រិតកំពូលនេះបានទៀតដែរឬទេ។