Kylian Mbappe ចង់ប្រើការប្រកួតប្រជែងជាមួយ Spain ដើម្បីសងសឹកផង និងដើម្បីបិទមាត់អ្នកកាសែតអេស្ប៉ាញដែលធ្លាប់រិះគន់រូបគេរឿងបញ្ហាក្រៅទីលាននៅ Real Madrid ផង
អត្ថបទសរសេរដោយ Danny • 29 views
ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe កំពុងទន្ទឹងរង់ចាំការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោក World Cup រវាងបារាំង (France) និងអេស្ប៉ាញ (Spain) យ៉ាងខ្លាំង។ ការប្រកួតនេះមិនត្រឹមតែជាឱកាសដើម្បីសងសឹកដែលអេស្ប៉ាញធ្លាប់ទម្លាក់បារាំងក្នុងពានរង្វាន់ Euro 2024 កាលពី ២ ឆ្នាំមុននោះទេ ប៉ុន្តែវាក៏ជាឱកាសសម្រាប់រូបគេក្នុងការវាយបកទៅលើអ្នករិះគន់ទាំងឡាយនៅទីក្រុង Madrid ផងដែរ បន្ទាប់ពីជួបរដូវកាលដ៏ចលាចលនៅកម្រិតក្លិប។
ទោះបីជាស៊ុតបញ្ចូលទីបានច្រើនក៏ដោយ ប៉ុន្តែជីវិតបាល់ទាត់របស់ Mbappe នៅក្លិប Real Madrid មិនបានរលូនដូចការរំពឹងទុកឡើយ ដោយរូបគេនៅតែមិនទាន់បានស្គាល់រសជាតិលើកពានរង្វាន់ធំៗណាមួយឡើយ ក្រោយរួមរស់នៅកីឡដ្ឋាន Santiago Bernabeu អស់រយៈពេល ២ រដូវកាល។ ថែមទាំងនៅចុងរដូវកាល ២០២៥-២៦ ទំនាក់ទំនងរបស់គេជាមួយសារព័ត៌មានអេស្ប៉ាញ និងក្នុងក្លិបមានភាពរកាំរកូសយ៉ាងខ្លាំង ដោយសារតែបញ្ហាមិនចុះសម្រុងគ្នាក្រៅទីលាន ដូចជាការមានជម្លោះជាមួយគ្រូបង្វឹកលោក Arbeloa និងការលេចឮព័ត៌មានដើរលេងកម្សាន្តនៅកោះ Sardinia ជាមួយមិត្តស្រីគឺអ្នកនាង Ester Exposito អំឡុងពេលរបួសជាដើម រហូតមានអ្នកគាំទ្រចុះហត្ថលេខាដេញគេចេញពីក្លិបទៀតផង។
ទោះជាយ៉ាងណា ការមកលេងក្នុងពានរង្វាន់ World Cup ២០២៦ នេះ បានក្លាយជាឱកាសដ៏ល្អដើម្បីជួយឱ្យ Mbappe ធូរស្បើយចិត្ត និងត្រឡប់មកផ្តោតលើការស៊ុតបាល់បញ្ចូលទីវិញ។ ពេលនេះគេស៊ុតបាន ៨ គ្រាប់ហើយ ក្នុងការជួយបារាំងឡើងមកដល់វគ្គ ៤ ក្រុមចុងក្រោយនេះ ដោយរកបាន ២ គ្រាប់ម្នាក់ឯងក្នុងប្រកួតទល់នឹងក្រុម Senegal, Iraq និង Sweden ព្រមទាំងស៊ុតបញ្ចូលទីគ្រាប់សំខាន់ៗទល់នឹង Paraguay និង Morocco ផងដែរ។ ចំនួន ៨ គ្រាប់នេះ ធ្វើឱ្យគេកំពុងនាំមុខក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ (ស្មើនឹង Lionel Messi របស់អាហ្សង់ទីន)។
មិត្តរួមក្រុមជម្រើសជាតិបារាំងដូចជា Ousmane Dembele និង Lucas Hernandez សុទ្ធតែបានចេញមុខមកការពារប្រធានក្រុមរបស់ខ្លួន ដោយនិយាយថាការរិះគន់លើ Mbappe នៅអេស្ប៉ាញគឺជារឿងអយុត្តិធម៌បំផុត ហើយគេជឿជាក់ថា Mbappe នឹងប្រើប្រាស់ទម្រង់លេងដ៏អស្ចារ្យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដើម្បីបិទមាត់អ្នករិះគន់ទាំងអស់។
ចំណែកឯសាមីខ្លួនគឺ Mbappe បាននិយាយមុនការប្រកួតធំនេះថា៖ «មានតែផ្លូវមួយគត់ដែលធ្វើឱ្យយើងអាចធូរស្រាលចិត្តបាន គឺការឈ្នះពានរង្វាន់ World Cup។ ពេលលេងឱ្យបារាំង បើអ្នកមិនឈ្នះ គឺច្បាស់ជាត្រូវគេរិះគន់ធ្ងន់ធ្ងរមិនខាន។ ពេលនេះយើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ប៉ុន្តែផ្លូវនៅវែងឆ្ងាយទៀត ហើយការប្រកួតដ៏ពិបាកបំផុតកំពុងរង់ចាំយើងនៅខាងមុខ»។