Kylian Mbappe រិះគន់យុទ្ធសាស្ត្ររបស់លោក Didier Deschamps ជាសាធារណៈ ក្រោយអេស្ប៉ាញលត់បារាំងយ៉ាងចាស់ដៃឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup
អត្ថបទសរសេរដោយ Danny • 29 views
ប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbappe បានចេញមុខវាយប្រហារចំៗទៅលើការរៀបចំយុទ្ធសាស្ត្ររបស់លោកគ្រូបង្វឹក Didier Deschamps បន្ទាប់ពីក្រុមមាន់គកត្រូវធ្លាក់ចេញពីពានរង្វាន់ពិភពលោក World Cup ក្រោមស្នាដៃក្រុមអេស្ប៉ាញ ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ខ្សែប្រយុទ្ធឆ្នើមរូបនេះបានបញ្ជាក់ថា កង្វះការប្រាស្រ័យទាក់ទងគ្នា និងការដេញបុកសង្កត់ (Pressing) មិនបានល្អ បានបណ្តោយឱ្យតំបន់បម្រើរបស់អេស្ប៉ាញគ្រប់គ្រងការប្រកួតទាំងស្រុងនៅរដ្ឋ Texas។
Mbappe ដែលជាតារាលេចធ្លោប្រចាំព្រឹត្តិការណ៍នេះ បានបង្ហាញក្តីខកចិត្តយ៉ាងខ្លាំងពេញមួយ ៩០ នាទី ហើយក្រោយបញ្ចប់ការប្រកួត គេបានចង្អុលមុខចំៗទៅលើកំហុសបច្ចេកទេសលេង ដោយនិយាយថា៖ «យើងលេង ៣ នាក់ទល់នឹង ២ នាក់នៅតំបន់បម្រើ ហើយការតទល់ជាមួយអេស្ប៉ាញបែបនេះគឺពិបាកណាស់។ Fabian Ruiz និង Rodri មានពេលវេលាច្រើនពេកក្នុងការលេងបាល់។ យើងខ្វះការទំនាក់ទំនងគ្នាក្នុងការដេញសង្កត់។ ខ្ញុំគិតថាយើងគួរតែលេងការពារបែបបុគ្គល (Man-to-Man Press) និងបង្ខំឱ្យពួកគេរត់តាមយើងវិញ ទើបជាការល្អ»។
ក្រៅពីបញ្ហាយុទ្ធសាស្ត្រ Mbappe ក៏បានសារភាពដោយស្មោះត្រង់ពីទម្រង់លេងដ៏ធ្លាក់ចុះរបស់ក្រុមទាំងមូល ដោយបារាំងលេងខ្វះការយល់ចិត្តគ្នា និងមិនមានឱកាសស៊ុតចំគោលដៅសូម្បីតែមួយលើកក្នុងរយៈពេល ៨០ នាទីដំបូង។ អេស្ប៉ាញបានបើកការនាំមុខពីគ្រាប់ប៉េណាល់ទីរបស់ Mikel Oyarzabal នៅនាទីទី ២២ ក្រោយ Lucas Digne បង្កកំហុសលើ Lamine Yamal មុនពេល Pedro Porro បន្ថែមគ្រាប់ទីពីរនៅវគ្គទីពីរ។
ស្របពេលជាមួយគ្នានេះដែរ ខ្សែបម្រើប្រយុទ្ធរបស់ក្លិប Manchester City កីឡាករ Rayan Cherki ដែលបានប្តូរចូលនៅវគ្គទីពីរ ក៏បានសម្តែងការខកចិត្តដូចគ្នា ដោយលោកយល់ថា អេស្ប៉ាញមានទឹកចិត្តចង់ឈ្នះជាងបារាំងក្នុងការប្រកួតដ៏សំខាន់នេះ។ គេបាននិយាយថា បារាំងខ្វះខាតគ្រប់យ៉ាងទាំងបច្ចេកទេស យុទ្ធសាស្ត្រ និងការតាំងចិត្តនៅលើទីលាន។
ទោះបីជាមានភាពរកាំរកូសជាមួយការរៀបចំរបស់គ្រូបង្វឹក និងទទួលបានកាតលឿងនៅចុងម៉ោងដោយសារការប៉ះទង្គិចជាមួយអ្នកចាំទី Unai Simon ក៏ដោយ ក៏ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះបានទទួលស្គាល់ថា ក្នុងនាមជាប្រធានក្រុម គេត្រូវតែទទួលខុសត្រូវរាល់លទ្ធផលទាំងអស់ ហើយពេលនេះបារាំងត្រូវប្រមូលអារម្មណ៍ឡើងវិញដើម្បីត្រៀមប្រជែងយកចំណាត់ថ្នាក់លេខ ៣ នៅទីក្រុង Miami វិញ។