José Mourinho រកបានក្លឹបថ្មីនៅលើទឹកដីនៃប្រទេសកំណើត
អត្ថបទសរសេរដោយ PHEAKDEY • 187 views
លោក José Mourinho បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈដំណឹងនៃការវិលត្រលប់មកកាន់តំណែងអ្នកចាត់ការទូទៅរបស់ Benfica ត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីគាត់ត្រូវបានបណ្តេញចេញដោយ Fenerbahçe ។

ដំណើររឿងគឺគួរឲ្យអស់សំណើចណាស់ ដោយក្លឹប Fenerbahçe បានបណ្ដេញគ្រូបង្វឹកវ័យ ៦២ ឆ្នាំរូបនេះចេញពីតំណែងភ្លាមៗ បន្ទាប់ពីពួកគេបានរងបរាជ័យក្រោមថ្វីជើងរបស់ Benfica ក្នុងលទ្ធផល ១ ទល់នឹង ០ នាជំនួបវគ្គជម្រុះនៃពានរង្វាន់ Champions League កាលពីចុងខែសីហា។
ចំណែក Benfica ក៏បានធ្វើការបណ្ដេញលោក Bruno Lage ចេញពីកៅអីអ្នកចាត់ការទូទៅភ្លាមៗដូចគ្នាដែរ ក្រោយពីពួកគេត្រូវបានក្លឹប Qarabag លត់ដោយលទ្ធផល ៣-២ ក្នុងជំនួប Champions League កាលពីរាត្រីថ្ងៃអង្គារ។

ត្រលប់ទៅកាន់អតីតកាលកាលពីឆ្នាំ ២០០០ Mourinho បានចាប់ផ្ដើមអាជីពជាគ្រូបង្វឹកដំបូងបង្អស់របស់ខ្លួនគឺជាមួយ Benfica ដែលជាក្លឹបយក្សមួយនៃលីគកំពូលរបស់ព័រទុយហ្គាល់នេះឯង ប៉ុន្តែគាត់ដឹកនាំបានតែ ៩ ប្រកួតប៉ុណ្ណោះក៏ត្រូវបានចែកផ្លូវគ្នាវិញទៅ។
នេះគឺជាលើកដំបូងហើយដែលបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះវិលមកដឹកនាំក្លឹបនៅប្រទេសកំណើតរបស់លោកវិញ ចាប់តាំងពីការចាកចេញពី Porto ទៅដឹកនាំ Chelsea កាលពីឆ្នាំ ២០០៤ ។