សង្រ្គាមសម្តីក្តៅគគុក! លោក Joan Laporta វាយបកចំៗថា Real Madrid គ្រាន់តែធ្វើចរិត «កូនក្មេងង៉ក់ង៉រ» ដើម្បីបិទបាំងបញ្ហាផ្ទៃក្នុងខ្លួនឯង
អត្ថបទសរសេរដោយ Danny • 56 views
ប្រធានក្លិប Barcelona លោក Joan Laporta បានបើកការវាយបកយ៉ាងចាស់ដៃទៅលើក្លិបគូប្រជែងសតវត្សរ៍ Real Madrid ដោយបានទាត់ចោលការប្តឹងផ្តល់របស់លោក Florentino Perez ទៅកាន់សហព័ន្ធ UEFA រឿងអាស្រូវអាជ្ញាកណ្តាល (Negreira Case) ថាគ្រាន់តែជាការសម្តែងចរិតង៉ក់ង៉រដើម្បីបង្វែរដានពីបញ្ហាផ្ទៃក្នុងរបស់ក្លិបខ្លួនតែប៉ុណ្នោះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mundo Deportivo លោក Laporta បានថ្លែងយ៉ាងមានទំនុកចិត្តនៅក្នុងកីឡដ្ឋាន Spotify Camp Nou ថា៖ «ពួកគេមិនអាចសម្រេចផែនការនេះបានឡើយ។ យើងដឹងច្បាស់ថា UEFA គិតយ៉ាងណាលើរឿងនេះ។ វាគ្រាន់តែជាការង៉ក់ង៉រមួយបែបរបស់ពួកគេ ដើម្បីអូសបន្លាយរឿងរ៉ាវ និងព្យាយាមធ្វើរឿងដែលគ្មានហេតុផល និងមិនអាចទៅរួច»។
មេធំរបស់ក្រុមអ្នកមានបុណ្យរូបនេះបានបន្ថែមទៀតថា ការដែលខាងភាគីម៉ាឌ្រីដព្យាយាមរំលេចរឿងក្តី ៥០០ ទំព័រនេះឡើង គឺដើម្បីធ្វើជាផ្សែងបិទបាំងការលំបាកផ្នែករចនាសម្ព័ន្ធផ្ទៃក្នុងរបស់ពួកគេ ដូចជាការផ្លាស់ប្តូរទម្រង់ក្លិបទៅជាក្រុមហ៊ុនភាគហ៊ុនសាធារណៈ និងបញ្ហាកិច្ចការទូទៅផ្សេងទៀតនៅកីឡដ្ឋាន Santiago Bernabeu ដូចជារឿងផ្អាកការប្រគំតន្ត្រី និងបញ្ហាកន្លែងចតឡានជាដើម។
ទំនាក់ទំនងរវាងមហាយក្សអេស្ប៉ាញទាំងពីរបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ខណៈដែលលោក Laporta បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា នៅក្នុងដំណើរការផ្លូវច្បាប់កន្លងមក ខាងភាគី Barcelona បានផ្តល់ភស្តុតាងយ៉ាងត្រឹមត្រូវ ចំណែកឯភាគីប្តឹងមិនទាន់មានភស្តុតាងរឹងមាំណាមួយបង្ហាញនៅឡើយទេ។ លើសពីនេះ Barcelona ក៏បានព្រមានប្តឹងបកពីបទបរិហារកេរ្តិ៍ និងទាមទារឱ្យលោក Perez ដកពាក្យចោទប្រកាន់រឿងពុករលួយនេះវិញផងដែរ។