Jeremie Aliadiere វីរកីឡាករជំនាន់ 'Invincibles' របស់ Arsenal វិភាគពីចំណុចល្អ និងចំណុចអវិជ្ជមានជុំវិញពាក្យចចាមអារ៉ាមផ្ទេរ Marcus Rashford ពី Manchester United មកពង្រឹងតំបន់ប្រយុទ្ធ
អត្ថបទសរសេរដោយ Danny • 20 views
អតីតខ្សែប្រយុទ្ធរបស់ក្លិប Arsenal លោក Jeremie Aliadiere បានបើកចំហរទម្លាយប្រាប់សារព័ត៌មាន GOAL ពីផលចំណេញ និងផលវិបាក ប្រសិនបើក្រុមកាំភ្លើងធំសម្រេចចិត្តដេញថ្លៃយក Marcus Rashford ពី Manchester United នារដូវក្តៅនេះ បន្ទាប់ពីក្លិបបានបើកផ្លូវឱ្យ Leandro Trossard ចាកចេញ។
Arsenal កំពុងតែស្ថិតក្នុងដំណាក់កាលរៀបចំតំបន់ប្រយុទ្ធឡើងវិញ បន្ទាប់ពីពួកគេបានអនុញ្ញាតឱ្យ Trossard ផ្ទេរទៅកាន់ក្លិប Besiktas ក្នុងប្រទេសទួរគី ស្របពេលដែលអនាគតរបស់ Gabriel Martinelli ក៏កំពុងមានមន្ទិលសង្ស័យផងដែរ។ កាំភ្លើងធំបានចាប់ផ្តើមដំណើរការនេះដោយការទិញយកខ្សែស្លាបក្រិក Christos Tzolis ពី Club Brugge ប៉ុន្តែលោក Mikel Arteta នៅតែត្រូវការខ្សែប្រយុទ្ធដែលមានបទពិសោធន៍បន្ថែមទៀតដើម្បីការពារតំណែងជើងឯក Premier League និងត្រៀមប្រកួតពានរង្វាន់ Champions League។
ឈ្មោះរបស់ Marcus Rashford វ័យ ២៨ ឆ្នាំ បានក្លាយជាគោលដៅក្តៅគគុក បន្ទាប់ពីរូបគេទើបតែបញ្ចប់រដូវកាលដ៏ជោគជ័យក្នុងការខ្ចីជើងនៅ Barcelona ដោយរកបាន ១៤ គ្រាប់ និងជួយក្រុមឈ្នះជើងឯក La Liga។ លើសពីនេះ តម្លៃខ្លួនរបស់គេអាចនឹងសមរម្យ បន្ទាប់ពី Barcelona មិនបានប្រើប្រាស់លក្ខខណ្ឌទិញដាច់ក្នុងតម្លៃ ២៦ លានផោន ដែលធ្វើឱ្យ Man Utd អាចនឹងព្រមលក់ក្នុងតម្លៃសមរម្យណាមួយ។
ទាក់ទងនឹងលទ្ធភាពនៃការផ្ទេរនេះ លោក Aliadiere បានផ្តល់ទស្សនៈវិភាគយ៉ាងលម្អិត៖
ចំណុចវិជ្ជមាន (Pros)៖
«វាជាជម្រើសដ៏ល្អមួយ។ ចំណុចល្អរបស់ Marcus Rashford គឺគាត់ស្គាល់លីគអង់គ្លេសច្បាស់លាស់។ គាត់ជាកីឡាករអង់គ្លេសដែលឆ្លងកាត់សាលាបណ្តុះបណ្តាលរបស់ Man United ដូច្នេះគាត់ដឹងច្បាស់ពីរបៀបដោះស្រាយ និងរស់នៅក្រោមសម្ពាធនៃក្លិបធំៗ»។
ចំណុចអវិជ្ជមាន (Cons)៖
«ប៉ុន្តែនៅពេលអ្នកមើលទៅលើប៉ុន្មានរដូវកាលចុងក្រោយរបស់គាត់នៅ Man United គឺទម្រង់លេងរបស់គាត់ឡើងចុះខ្លាំងណាស់ (up and down) ដោយសារមូលហេតុផ្សេងៗគ្នា។ ដូច្នេះ តើការលែង Trossard ហើយយក Rashford មកជំនួស វាជាការធានានូវកម្រិតលេងដ៏ល្អជាងមុន និងទទួលបានផលចំណេញមកវិញពិតប្រាកដមែនទេ? ខ្ញុំមិនសូវប្រាកដចិត្តឡើយ។ Trossard ធ្លាប់រកបានគ្រាប់បាល់សំខាន់ៗជាច្រើនដែលជួយឱ្យយើងគ្រងជើងឯក។ ជាងនេះទៅទៀត ជាមួយនឹងគុណភាពកីឡាករដែល Arsenal មានបច្ចុប្បន្ន Rashford អាចនឹងមិនបានលេងជាជម្រើសដំបូងភ្លាមៗឡើយ ព្រោះ Martinelli នៅតែស្ថិតនៅទីនោះ»។
លោក Aliadiere ជឿជាក់ថា លោក Mikel Arteta មិនមែនកំពុងស្វែងរកកីឡាករណាម្នាក់មកដើម្បីធ្វើជាលេខមួយភ្លាមៗនោះទេ ប៉ុន្តែលោកចង់បានកីឡាករល្អៗមកប្រកួតប្រជែងតំណែងគ្នា ហើយអ្នកណាដែលធ្វើបានល្អជាងគេក្នុងការហ្វឹកហាត់នឹងទទួលបានឱកាសលេងនៅចុងសប្តាហ៍។
បច្ចុប្បន្ន Rashford កំពុងតែប្រឈមមុខនឹងភាពខកចិត្ត បន្ទាប់ពីក្រុមជម្រើសជាតិអង់គ្លេសត្រូវធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក្រោមស្នាដៃអាហ្សង់ទីន ហើយរូបគេកំពុងទន្ទឹងរង់ចាំដំណឹងល្អជុំវិញអនាគតកម្រិតក្លិបរបស់ខ្លួន នៅក្នុងទីផ្សារដោះដូររដូវក្តៅដ៏មមាញឹកនេះ។