Frenkie de Jong និយាយថា «មនុស្សជាច្រើនមើលបាល់ទាត់ តែមិនយល់ពីបាល់ទាត់ទាល់តែសោះ»
អត្ថបទសរសេរដោយ Danny • 62 views
ខ្សែបម្រើរបស់ក្លិប Barcelona កីឡាករ Frenkie de Jong បានចេញមុខមកតបតយ៉ាងចាស់ដៃទៅកាន់អ្នករិះគន់ ដែលតែងតែវាយតម្លៃទម្រង់លេងរបស់គេទាបជាងស្តង់ដារ ខណៈអតីតខ្សែប្រយុទ្ធជម្រើសជាតិហូឡង់ លោក Jimmy Floyd Hasselbaink បានផ្តល់ការវិភាគស៊ីជម្រៅថាតើរូបគេស្ថិតក្នុងកម្រិតដូចគ្នានឹង Declan Rice របស់ Arsenal ឬ Vitinha របស់ PSG ដែរឬទេ។
ឆ្លើយតបទៅនឹងការរិះគន់នៅក្នុងប្រទេសកំណើតរឿងមិនសូវចេះបញ្ជូនបាល់កាត់ខ្សែការពារ (Through passes) ខ្សែបម្រើវ័យ ២៩ ឆ្នាំរូបនេះបាននិយាយចំៗថា៖ «ខ្ញុំមានអារម្មណ៍ថាមនុស្សជាច្រើនមិនយល់អ្វីសោះពីបាល់ទាត់។ ពួកគាត់គ្រាន់តែមើល តែមិនយល់ពីវាឡើយ។ ខ្ញុំឮគេនិយាយថាខ្ញុំមិនសូវបោះបាល់កាត់ខ្សែការពារ តែការពិតគឺពួកគាត់មិនបានផ្ដោតលើការប្រកួតទាល់តែសោះ។ វាអាស្រ័យលើកាលៈទេសៈ បើគ្មានអ្នករត់រកចន្លោះទេ តើឱ្យខ្ញុំបោះទៅណា? នៅហូឡង់ ពួកយើងគួរតែចេះឱ្យតម្លៃកីឡាករជាងនេះ បើចង់រិះគន់គឺជារឿងធម្មតា ប៉ុន្តែអ្នកនៅទីនេះចូលចិត្តធ្វើរឿងឱ្យរីកធំ និងបំផ្លើសហួសហេតុពេក»។
ជុំវិញរឿងនេះ លោក Hasselbaink បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន GOAL ដោយយល់ឃើញថា De Jong នៅរាងស្ទើរមួយជំហានក្រោយ Declan Rice បន្តិច ដោយសាររបៀបលេងខុសគ្នា។ លោកបានបញ្ជាក់ពីចំណុចខ្វះខាតរបស់ De Jong ក្នុងព្រឹត្តិការណ៍ World Cup 2026 នេះថា៖ «ពេលខ្លះ គាត់ចាំបាច់ត្រូវតែបញ្ជូនបាល់ឱ្យបានលឿនជាងនេះបន្តិច។ តាមគំនិតខ្ញុំ គាត់ចូលចិត្តទុកបាល់នៅនឹងជើងយូរពេក។ ប៉ុន្តែទោះជាយ៉ាងណា គាត់នៅតែជាកីឡាករកម្រិតកំពូលដែលយល់ដឹងពីយុទ្ធសាស្ត្រប្រកួតបានយ៉ាងល្អ»។
ទន្ទឹមនឹងនេះ លោក Hasselbaink ក៏បានពន្យល់ពីមូលហេតុដែល De Jong តែងតែបដិសេធសំណើពី Manchester United ក្នុងរយៈពេល ៧ ឆ្នាំមកនេះ ដោយសារបេះដូងរបស់គេគឺជារបស់ Ajax ហើយ Ajax តែងតែមានទំនាក់ទំនងប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅជាមួយ Barcelona តាមរយៈវីរៈបុរស លោក Johan Cruyff។ ដូចនេះ នៅពេលដែលគេបានមកដល់ Barca ហើយ រូបគេនឹងធ្វើគ្រប់យ៉ាងដើម្បីស្នាក់នៅទីនេះឱ្យបានយូរបំផុត ព្រោះគ្មានក្លិបណាដែលធំជាងនេះទៀតឡើយ។
បច្ចុប្បន្ន De Jong កំពុងបំពេញកាតព្វកិច្ចឱ្យហូឡង់ (Netherlands) ក្នុងជំនួប World Cup វគ្គចែកពូលចុងក្រោយទល់នឹងទុយនីស៊ី (Tunisia) នាទីក្រុង Kansas City។ ក្រោយបើកឆាកស្មើជប៉ុន (Japan) ២-២ និងលត់ស៊ុយអែត (Sweden) ៥-១ ហូឡង់ជិតកក់កៅអីវគ្គ ៣២ ក្រុមទៅហើយ ប៉ុន្តែគេនៅមិនទាន់ដឹងថា De Jong អាចនឹងចូលលេងឬយ៉ាងណាឡើយ ដោយសាររូបគេកំពុងមានរបួសស្រាលជាប់ខ្លួន។