Ferran Torres ចង់ទៅរួមការងារជាមួយគ្រូចាស់ Luis Enrique នៅ PSG ខណៈBarcelona កំពុងចរចាលក់ចេញ
អត្ថបទសរសេរដោយ Danny • 36 views
ពេលនេះខ្សែប្រយុទ្ធស្លាបរបស់ Barcelona គឺ Ferran Torres កំពុងបើកផ្លូវផ្ទេរទៅលេងឱ្យក្លិប Paris Saint-Germain (PSG) នៅបារាំងហើយ ស្របពេលដែលក្លិបយក្សទាំងពីរកំពុងជជែកគ្នាយ៉ាងខ្លាំងលើរឿងតម្លៃខ្លួន។ បើការផ្ទេរនេះជោគជ័យ មហិច្ឆតារបស់កីឡាករវ័យ 26 ឆ្នាំរូបនេះ គឺចង់ទៅជួបជុំគ្នាវិញជាមួយលោក Luis Enrique ដែលជាអតីតគ្រូបង្វឹករបស់គេកាលនៅក្រុមជម្រើសជាតិអេស្ប៉ាញ។
សារព័ត៌មាន Mundo Deportivo បានចុះផ្សាយថា PSG បានទាក់ទងទិញ Ferran Torres ភ្លាមៗ ក្រោយកីឡាកររូបនេះបង្ហាញបំណងចង់ស្វែងរកការប្រឈមមុខថ្មីនៅលីគបារាំង បន្ទាប់ពីចប់ព្រឹត្តិការណ៍ World Cup។ ខាង Barcelona ខ្លួនឯងក៏ដឹងរឿងនេះច្បាស់ និងត្រៀមខ្លួនបើកផ្លូវឱ្យអតីតកីឡាករ Manchester City រូបនេះចាកចេញដែរ ដើម្បីយកលុយមកជួយដោះស្រាយវិបត្តិហហិរញ្ញវត្ថុក្នុងក្លិប។
កាលពីមុន World Cup ចាប់ផ្តើម នៅពេលដែលអ្នកកាសែតសួរដេញដោលពីរឿងអនាគត និងកិច្ចសន្យាថ្មី Torres មិនបានឆ្លើយចំៗឡើយ ដោយចង់ផ្តោតអារម្មណ៍ទាំងស្រុងលើការលេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញសិន។ គេបាននិយាយខ្លីថា៖ «ខ្ញុំគិតតែពីរឿងចូលលេងប្រកួតទល់នឹងក្រុម Cape Verde នៅថ្ងៃស្អែកប៉ុណ្ណោះ។ រឿងក្រៅទីលានមិនទាន់សំខាន់សម្រាប់ខ្ញុំទេពេលនេះ»។
ម្យ៉ាងទៀត បើតាមសារព័ត៌មាន Marca មូលហេតុដែល Barcelona ប្តូរចិត្តចង់លក់ Torres ទាំងដែលធ្លាប់គិតចង់ពន្យារកិច្ចសន្យា គឺដោយសារតែក្លិបត្រូវការលុយសុទ្ធជាបន្ទាន់។ លើសពីនេះ តំណែងលេងជាជម្រើសដំបូងរបស់គេនៅ Barcelona ក៏លែងសូវមានធានាដូចមុនដែរ បន្ទាប់ពីក្លិបបានទិញចូលខ្សែប្រយុទ្ធថ្មីៗ ដូចជា Anthony Gordon ជាដើម។