Everton គ្រោងបើកកិច្ចចរចារបន្តកុងត្រាមួយជីវិតឲ្យ Jordan Pickford
អត្ថបទសរសេរដោយ • 178 views
Everton គ្រោងនឹងបើកកិច្ចចរចារគ្នាជាមួយកីឡាករ Jordan Pickford ទាក់ទងនឹងកិច្ចសន្យាថ្មីមួយដែលអាចនឹងឃើញគាត់នៅបន្តលេងឲ្យក្លឹបរបស់ពួកគេរហូតដល់គាត់ចូលនិវត្តន៍ នេះបើយោងតាមកាសែត The Times ។
កុងត្រាបច្ចុប្បន្នរបស់អ្នកចាំទីវ័យ ៣១ ឆ្នាំរូបនេះនៅសល់តែ ២ ឆ្នាំទៀតប៉ុណ្ណោះ ខណៈដែលគាត់ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាបន្តកុងត្រារយៈពេលយូរបន្ថែមជាមួយ Everton ។
Pickford គឺជាសមាជិកដ៏សំខាន់ម្នាក់សម្រាប់ Everton ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ និងតែងតែស្ថិតក្នុងជម្រើសទីមួយសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសផងដែរក្នុងតួនាទីជាអ្នកការពារសំណាញ់ទី។

Pickford បានមកជ្រកកោនជាមួយ Everton ក្រោយផ្លាស់ចេញពី Sunderland កាលពីឆ្នាំ 2017 ហើយចាប់តាំងពីពេលនោះមកគាត់បានបង្ហាញខ្លួនឲ្យ Everton ចំនួន ៣២២ ប្រកួតនៃគ្រប់យុទ្ធនាការប្រកួត។ គាត់ក៏បានបង្ហាញខ្លួនជាលើកដំបូងឲ្យជម្រើសជាតិអង់គ្លេសនៅក្នុងឆ្នាំដដែលនោះផងដែរ ពោលគឺតែប៉ុន្មានខែប៉ុណ្ណោះក្រោយផ្លាស់ទៅ Everton ខណៈដែលមកទល់ពេលនេះគាត់បង្ហាញខ្លួនបានចំនួន ៧៦ លើកហើយឲ្យអង់គ្លេស។
ក្លឹបចង់ឱ្យ Pickford បន្តស្នាក់នៅរហូតដល់ចុងបញ្ចប់នៃអាជីពរបស់គាត់ ខណៈដែលការពិភាក្សាក៏ត្រូវបានគ្រោងទុកនាពេលខាងមុខជាមួយកីឡាករ Tarkowski, James Garner និង Vitalii Mykolenko ផងដែរ។

Everton បានចាប់ផ្តើមរដូវកាលថ្មី 2025-26 របស់ពួកគេជាមួយនឹងជ័យជម្នះ ២ ប្រកួត និងចាញ់មួយប្រកួតនៅក្នុងការប្រកួតបើកឆាកនៃពានរង្វាន់លីគកំពូលរបស់អង់គ្លេស Premier League ហើយបានឈានទៅដល់ជុំទីបីនៃពានរង្វាន់ League Cup ផងដែរ។
Pickford បានសង្គ្រោះបាល់ប៉េណាល់ទីពី Danny Welbeck ក្នុងការជួយក្រុមរបស់ខ្លួនទទួលបានជ័យជម្នះ 2 ទល់នឹង 0 ទៅលើក្រុម Brighton ដែលជាការប្រកួតដំបូងក្នុងផ្ទះថ្មីរបស់ពួកគេគឺកីឡដ្ឋាន Hill Dickinson ។