Erling Haaland សម្តែងការភ្ញាក់ផ្អើលជាខ្លាំងក្រោយរកគ្រាប់បាល់ជួយន័រវែសទម្លាក់ប្រេស៊ីលពី World Cup 2026
អត្ថបទសរសេរដោយ Danny • 44 views
ខ្សែប្រយុទ្ធឆ្នើម Erling Haaland បានសារភាពថា ការដែលក្រុមជម្រើសជាតិន័រវែស (Norway) អាចយកឈ្នះក្រុមយក្សអាមេរិកខាងត្បូងប្រេស៊ីល (Brazil) បាននោះ គឺជារឿងមួយដែលមិនគួរឱ្យជឿទាល់តែសោះ។ នៅក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៅរដ្ឋ New Jersey ម្ចាស់អាវលេខ ៩ របស់ក្លិប Manchester City រូបនេះ បានស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯងនៅចុងវគ្គទីពីរ ជួយឱ្យន័រវែសឈ្នះប្រេស៊ីល ២-១ យ៉ាងភ្ញាក់ផ្អើលបំផុត និងបានកក់កៅអីឡើងទៅវគ្គ ៨ ក្រុមចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
នៅក្នុងការប្រកួតដ៏ជជែកវែកញែកនោះ ខ្សែបម្រើប្រេស៊ីល Bruno Guimaraes បានទាត់បាល់ពិន័យប៉េណាល់ទីមិនចូលនៅវគ្គទីមួយ ខណៈដែល Erling Haaland បានបើកការនាំមុខឱ្យន័រវែសនៅនាទីទី ៧៩ តាមរយៈការតែតបញ្ចូលទីយ៉ាងមុតស្រួច និងបន្ថែមគ្រាប់ទីពីរនៅនាទីទី ៩០ មុនពេល Neymar រកបាន ១ គ្រាប់វាយបកវិញពីចំណុចពិន័យប៉េណាល់ទីនៅចុងម៉ោង។
ក្រោយបញ្ចប់ការប្រកួត លោក Haaland បានទម្លាយអារម្មណ៍ពិតនៅលើឆានែល YouTube ផ្ទាល់ខ្លួនរបស់លោកថា៖ «ប្រេស៊ីលជាប្រទេសមហាអំណាចបាល់ទាត់។ ពួកគេជាក្រុមដំបូងគេដែលគ្រប់គ្នាបានស្គាល់ ដោយសារតែមានវីរៈបុរសល្បីៗជាច្រើននាក់។ វាដូចជាការយល់សប្តិដែលបានលេងទល់នឹងពួកគេ។ ខ្ញុំមិនដែលគិតថាពួកយើងអាចធ្វើបានឡើយ ដែលរឹតតែធ្វើឱ្យជ័យជម្នះនេះរឹតតែអស្ចារ្យ។ ពេលនេះខ្ញុំពិតជាអស់កម្លាំងខ្លាំងណាស់ ហើយត្រូវសម្រាកឱ្យបានគ្រប់គ្រាន់»។ តាមរយៈ ២ គ្រាប់នេះ Haaland រកបាន ៧ គ្រាប់ហើយនៅក្នុងព្រឹត្តិការណ៍នេះ ដែលស្មើនឹងចំនួនគ្រាប់ស៊ុតរបស់ Kylian Mbappe។ សម្រាប់វគ្គ ៨ ក្រុមចុងក្រោយខាងមុខ ក្រុមន័រវែសក្រោមការដឹកនាំរបស់លោក Stale Solbakken នឹងត្រូវធ្វើដំណើរទៅក្រុង Miami ដើម្បីតតាំងជាមួយក្រុមតោខៀវអង់គ្លេស (England) នៅថ្ងៃសៅរ៍ខាងមុខ។