Enzo Fernandez ចេញមុខនិយាយលើកដំបូង ប៉ុន្តែមិនបានសុំទោសឡើយ ក្រោយទទួលបានកាតក្រហមក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup
អត្ថបទសរសេរដោយ Danny • 26 views
ខ្សែបម្រើរបស់ក្លិប Chelsea កីឡាករ Enzo Fernandez បានបំបែកភាពស្ងៀមស្ងាត់ទៅកាន់អ្នកគាំទ្រជាង ១៥ លាននាក់នៅលើ Instagram បន្ទាប់ពីទទួលបានកាតក្រហម (កាតលឿង ២ ដង) នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ដែលអាហ្សង់ទីនបានចាញ់អេស្ប៉ាញ។
ទោះជាយ៉ាងណា រូបគេមិនបានពោលពាក្យសុំទោសចំពោះការត្រូវបណ្តេញចេញពីទីលាននោះឡើយ ដោយបានសរសេររៀបរាប់ថា៖ «នៅពេលពេលវេលាកន្លងផុតទៅ អ្នកនឹងយល់ឃើញថាមានអ្វីមួយដែលអស្ចារ្យជាងលទ្ធផលប្រកួតទៅទៀត»។
Enzo បានបន្តលើកតម្កើងពីការខិតខំប្រឹងប្រែងរបស់អាហ្សង់ទីនពេញមួយព្រឹត្តិការណ៍ប្រកួតថា៖ «ជាច្រើនឆ្នាំមកនេះ ក្រុមមួយនេះបានតំណាងឱ្យអាវជម្រើសជាតិក្នុងកម្រិតល្អបំផុត។ វាបានបង្រៀនយើងថា ការប្រកួតប្រជែងមិនមែនមានន័យត្រឹមតែការឈ្នះនោះទេ ប៉ុន្តែគឺការលះបង់គ្រប់យ៉ាងដើម្បីអាវមួយនេះ និងមិនត្រូវបោះបង់ឡើយ។ ខ្ញុំមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃក្រុមដែលតែងតែតតាំងជាមួយបញ្ហាប្រឈម លេងដោយកម្លាំងស្មារតីអតិបរមា និងការពារពណ៌អាវជាតិដោយក្តីមោទនភាព ភាពរាបសារ និងការប្តេជ្ញាចិត្ត»។
លោកក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រអាហ្សង់ទីនដែលបានជួយជ្រោមជ្រែងគ្រប់ទីកន្លែងក្នុងពិភពលោក និងបានបញ្ជាក់នៅចុងក្រោយថា ការបានពាក់អាវតំណាងឱ្យប្រទេសជាតិ គឺជាកិត្តិយសដ៏ធំបំផុតក្នុងអាជីពរបស់គេ ហើយគេនឹងបន្តលះបង់គ្រប់យ៉ាងរាល់ពេលដែលមានឱកាស។