Emiliano Martinez ត្រៀមខ្លួនបង្ខំចិត្តចាកចេញពី Aston Villa ដើម្បីផ្ទេរទៅកាន់ Juventus នារដូវក្តៅនេះ ក្រោយមានភាពរកាំរកូសជាមួយថ្នាក់ដឹកនាំក្លិប
អត្ថបទសរសេរដោយ Danny • 24 views
អ្នកចាំទីដៃឆ្នើម Emiliano Martinez ត្រូវបានរាយការណ៍ថា ត្រៀមខ្លួនដោះស្រាយបញ្ហាជាមួយក្លិប Aston Villa ដើម្បីបង្ខំចិត្តស្វែងរកការផ្ទេរទៅកាន់ក្លិបក្នុងក្តីស្រមៃ Juventus នារដូវក្តៅនេះ។ កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ ចាប់ផ្តើមមានភាពរកាំរកូស និងខកចិត្តកាន់តែខ្លាំងចំពោះជីវិតរស់នៅលើទឹកដីអង់គ្លេស ហើយបានកំណត់យកក្លិបយក្សនៃលីគ Serie A មួយនេះជាគោលដៅបន្ទាប់របស់គេ។
យោងតាមសារព័ត៌មាន La Gazzetta dello Sport បានឱ្យដឹងថា ទំនាក់ទំនងរវាង Emiliano Martinez និង Aston Villa បានឈានដល់ចំណុចបែកបាក់ ស្របពេលដែលអ្នកចាំទីម្ចាស់ជើងឯក World Cup រូបនេះសម្តែងការ «ធុញទ្រាន់» យ៉ាងខ្លាំងចំពោះជំហររបស់ក្លិបដែលប្រកាសជាសាធារណៈថាគេជាកីឡាករមិនសម្រាប់លក់។ ទោះបីជាមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៩ ក៏ដោយ ក៏ Martinez បានបញ្ជាក់យ៉ាងច្បាស់តាមរយៈភ្នាក់ងាររបស់គេថា គេគ្មានបំណងបន្តស្នាក់នៅកីឡដ្ឋាន Villa Park ទៀតឡើយ។
Juventus កំពុងតែតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ ព្រោះពួកគេយល់ថាបទពិសោធន៍ និងស្មារតីចង់ឈ្នះរបស់ "Dibu" នឹងក្លាយជាការបំពេញបន្ថែមដ៏ល្អឥតខ្ចោះសម្រាប់ក្រុម។ ការចាប់អារម្មណ៍នេះបានកើតឡើងបន្ទាប់ពី Martinez បង្ហាញទម្រង់លេងយ៉ាងលេចធ្លោដោយចូលលេងបាន ៤៤ ប្រកួតកាលពីរដូវកាលមុន និងបានរួមចំណែកយ៉ាងធំធេងក្នុងការជួយ Aston Villa គ្រងជើងឯកពានរង្វាន់ Europa League ព្រមទាំងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ នៃលីគកំពូលអង់គ្លេស។
ទោះបីជា Aston Villa ព្យាយាមរក្សាទុកគេក៏ដោយ ប៉ុន្តែមានសេចក្តីរាយការណ៍ថា ក្លិបបានកំណត់តម្លៃខ្លួនប្រមាណ ១២ លានអឺរ៉ូសម្រាប់អ្នកចាំទីរូបនេះ ដែលបង្ហាញថាក្លិបត្រៀមខ្លួនបើកផ្លូវចរចា ប្រសិនបើទទួលបានសំណើត្រូវចិត្ត។ នេះមិនមែនជាលើកទីមួយឡើយដែល Martinez មានជម្លោះជាមួយថ្នាក់ដឹកនាំក្លិបដើម្បីចាកចេញ ដោយរឿងរ៉ាវស្រដៀងគ្នានេះធ្លាប់បានកើតឡើងរួចមកហើយកាលពីចុងរដូវកាល ២០២៤-២០២៥ ដែលរូបគេធ្លាប់ជំរុញការចាកចេញរហូតដល់ត្រូវបានគ្រូបង្វឹកលោក Unai Emery ដកឈ្មោះចេញពីការប្រកួតចុងក្រោយ និងធ្លាប់ស្ទើរតែបានផ្ទេរទៅ Manchester United នាថ្ងៃចុងក្រោយនៃទីផ្សារដោះដូរឆ្នាំ ២០២៥ ប៉ុន្តែត្រូវបរាជ័យវិញ។ យ៉ាងណាមិញ ភាពរកាំរកូសជាថ្មីនេះ បញ្ជាក់ថាលក្ខខណ្ឌសន្តិភាពរវាងរូបគេ និងក្លិបបានឈានដល់ទីបញ្ចប់ហើយ។