លោក Donald Trump រិះគន់យុទ្ធសាស្ត្រលោក Thomas Tuchel ជុំវិញការដាក់ Harry Kane ឱ្យលេងការពារ រហូតធ្វើឱ្យអង់គ្លេសធ្លាក់ចេញពី World Cup
អត្ថបទសរសេរដោយ Danny • 36 views
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចូលរួមរិះគន់យុទ្ធសាស្ត្រដឹកនាំរបស់លោក Thomas Tuchel យ៉ាងភ្ញាក់ផ្អើល បន្ទាប់ពីក្រុមជម្រើសជាតិអង់គ្លេសត្រូវធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក្រោមថ្វីជើងអាហ្សង់ទីន។ មេដឹកនាំអាមេរិករូបនេះ បានចោទសួរពីការសម្រេចចិត្តរបស់គ្រូបង្វឹក ដែលបានដកប្រធានក្រុម Harry Kane ទៅលេងក្នុងតួនាទីការពារខ្លាំងពេក រហូតធ្វើឱ្យក្រុមតោខៀវបាត់បង់ការនាំមុខ ១-០ ហើយចាញ់វាយបក ២-១ នៅក្នុងទីក្រុង Atlanta។
នៅក្នុងព្រឹត្តិការណ៍មួយនៅឯ Trump Tower ដែលមានការចូលរួមពីប្រធានសហព័ន្ធ FIFA លោក Gianni Infantino ផងនោះ លោក Donald Trump បានរំលឹកពីទំនាក់ទំនងរវាងលោក និង Harry Kane កាលពីធ្លាប់លេងវាយកូនហ្គោល (Golf) ជាមួយគ្នា មុនពេលនិយាយផ្ដោតលើរឿងបច្ចេកទេសបាល់ទាត់ថា៖
«អ្នកមានកីឡាករដ៏អស្ចារ្យម្នាក់នៅអង់គ្លេស ដែលខ្ញុំធ្លាប់លេងវាយកូនហ្គោលជាមួយ គឺ Harry (Kane) គាត់ពិតជាអស្ចារ្យណាស់។ ប៉ុន្តែខ្ញុំគិតថា ពួកគេប្រហែលជាធ្វើខុសហើយដែលដាក់គាត់ឱ្យទៅធ្វើជាកីឡាករការពារ។ តើខ្ញុំដឹងអ្វីខ្លះពីរឿងបាល់ទាត់ (Soccer)? ពួកគេនាំមុខមុនសោះ ហើយបែរជាយកកីឡាករដែលល្អបំផុតរបស់ខ្លួនទៅដាក់នៅតំបន់ការពារទៅវិញ។ យើងត្រូវតែលេងបែបសម្រុកបន្តិចមែនទេ? ប៉ុន្តែខ្ញុំមិនលូកដៃកាត់សេចក្តីឡើយ តើខ្ញុំដឹងអ្វីពីការធ្វើជាគ្រូបង្វឹក? វាគ្រាន់តែជារឿងប្លែកបន្តិច ប៉ុន្តែ Harry ពិតជាមនុស្សដ៏អស្ចារ្យម្នាក់»។
ភ្លាមៗនោះ លោក Thomas Tuchel បានចេញមុខមកច្រានចោលការរិះគន់របស់លោក Donald Trump ទាំងមិនខ្វល់ខ្វាយ ព្រមទាំងការពារប្រព័ន្ធការពាររបស់ក្រុម និងតួនាទីរបស់ Kane នៅលើទីលាន នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ ថា៖
«តើអ្នកកំពុងយកលោក Donald Trump ធ្វើជាសាក្សីសម្រាប់រឿងនេះមែនទេ? ខ្ញុំគ្រាន់តែសួរចង់ដឹង។ តើមានស្ថានភាពណាដែល Harry លេងជ្រៅពេក? ក្នុងរយៈពេល ៣០ នាទីចុងក្រោយមែនទេ? ពួកយើងការពារជាប្លុកជ្រៅ (Deep block)។ នោះជាអ្វីដែលអ្នកត្រូវធ្វើបើអ្នកការពារជាក្រុម។ យើងមិនសូវមានសកម្មភាពវាយបក និងមិនអាចរំដោះខ្លួនចេញពីសម្ពាធបាន ប៉ុន្តែបើការពារបែបនោះ គឺគ្រប់គ្នាត្រូវតែការពារដូចគ្នា។ នោះហើយជាអ្វីដែលហៅថាស្មារតីក្រុម ភាពរួបរួម និងផ្នត់គំនិតបាល់ទាត់»។
លោក Tuchel បានបន្ថែមថា ក្រុមទាំងមូលបានក្លាយជាអ្នកអសកម្ម (Passive) ពេកក្នុងរយៈពេល ៣០ នាទីចុងក្រោយ ដោយមិនអាចគ្រប់គ្រងបាល់ និងបាត់បង់ការប្រជែងដណ្តើមបាល់ ដែលជាចំណុចខ្វះខាតដែលក្រុមត្រូវកែប្រែសម្រាប់ការប្រកួតបន្ទាប់។
ទោះបីជាមានរលកនៃការរិះគន់យ៉ាងខ្លាំងលើការដឹកនាំក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ដោយ ក៏ប្រភពពី ESPN បានបញ្ជាក់ថា តំណែងរបស់លោក Thomas Tuchel មិនមានការរង្គោះរង្គើឡើយ ដោយរូបលោកនៅតែទទួលបានការគាំទ្រពេញទំហឹងពីសមាគមបាល់ទាត់អង់គ្លេស (FA) ក្នុងការបន្តដឹកនាំក្រុមរហូតដល់ព្រឹត្តិការណ៍ Euro 2028 ខាងមុខ។ បច្ចុប្បន្ន អង់គ្លេសត្រូវផ្តោតអារម្មណ៍ខ្លាំងទៅលើការប្រកួតដ៏តានតឹងទល់នឹងបារាំង ក្នុងការដណ្តើមយកចំណាត់ថ្នាក់លេខ ៣ នៃពានរង្វាន់ពិភពលោកនៅថ្ងៃសៅរ៍នេះ។