ខ្សែការពារ Dayot Upamecano ចេញមុខច្រានចោលពាក្យចចាមអារ៉ាមតម្លៃខ្លួនឯង ២២៣ លានអឺរ៉ូរបស់ Michael Olise ទៅកាន់ Real Madrid
អត្ថបទសរសេរដោយ Danny • 29 views
ខ្សែការពារក្រុមជម្រើសជាតិបារាំងកីឡាករ Dayot Upamecano បានចេញមុខទាត់ចោលទាំងស្រុងនូវរាល់ពាក្យចចាមអារ៉ាមដែលកំពុងតែល្បីល្បាញខ្លាំងជុំវិញការផ្ទេរមិត្តរួមក្រុម Michael Olise ទៅកាន់ក្លិបអធិរាជស Real Madrid ដោយលោកបានសង្កត់ធ្ងន់ថាខ្សែប្រយុទ្ធស្លាបរូបនេះនឹងបន្តស្នាក់នៅជាមួយ Bayern Munich ដដែល។ ការចេញមុខមកអះអាងបែបនេះ បានកើតឡើងចំពេលមានរបាយការណ៍ពីសារព័ត៌មាន SPORT ថា Real Madrid កំពុងរៀបចំកញ្ចប់ថវិកាដ៏មហាសាលបំបែកកំណត់ត្រាពិភពលោកចំនួន ២២៣ លានអឺរ៉ូ ដើម្បីដេញថ្លៃយកកីឡាករវ័យ ២៤ ឆ្នាំរូបនេះ នៅក្នុងកំឡុងព្រឹត្តិការណ៍ World Cup ២០២៦។
នៅក្នុងកិច្ចសម្ភាសន៍ពេលកំពុងបំពេញកាតព្វកិច្ចឱ្យជាតិ លោក Upamecano បានឆ្លើយតបយ៉ាងខ្លីប៉ុន្តែម៉ឺងម៉ាត់បំផុតជុំវិញរឿងរ៉ាវនេះថា៖ «គេនឹងនៅទីនេះបន្តទៀត គេដាច់ខាតត្រូវតែនៅទីនេះ!»។ ស្របពេលជាមួយគ្នានេះ អតីតខ្សែប្រយុទ្ធបារាំងលោក Louis Saha ក៏បានលើកឡើងដែរថា តម្លៃខ្លួនដែលបានលេចឮនោះពិតជាឆ្កួតឡីឡាខ្លាំងណាស់ ប៉ុន្តែ Olise ពិតជាសមស្របនឹងទទួលបានការចាប់អារម្មណ៍បែបនេះ បន្ទាប់ពីការបង្ហាញសមត្ថភាពដ៏អស្ចារ្យមិនគួរឱ្យជឿក្នុងរយៈពេលត្រឹមតែ ១ ទៅ ២ ឆ្នាំចុងក្រោយនេះ តាំងពីផ្ទេរចេញពីក្លិប Crystal Palace មក។
ទោះបីជាមានការចុះផ្សាយជាហូរហែយ៉ាងណាក៏ដោយ បច្ចុប្បន្ន Michael Olise កំពុងតែផ្តោតអារម្មណ៍យ៉ាងខ្លាំងជាមួយក្រុមជម្រើសជាតិបារាំង (France) នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក បន្ទាប់ពីលោកបានជួយឱ្យក្រុមមាន់គកយកឈ្នះប៉ារ៉ាហ្គាយក្នុងលទ្ធផល ១-០។ ភារកិច្ចបន្ទាប់របស់ក្រុមបារាំង គឺត្រូវបើកសមរភូមិនាជំនួបវគ្គ ៨ ក្រុមចុងក្រោយ ទល់នឹងក្រុមជម្រើសជាតិម៉ារ៉ុក (Morocco) នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។