ផ្លូវការ! Dani Ceballos បង្ហោះលិខិតលាគ្នាដ៏ក្តុកក្តួល ចាកចេញពី Real Madrid ក្រោយរួមរស់អស់ ៩ រដូវកាល
អត្ថបទសរសេរដោយ Danny • 53 views
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ កីឡាករ Dani Ceballos បានប្រកាសជាផ្លូវការអំពីការសម្រេចចិត្តចាកចេញពីក្លិបអធិរាជស Real Madrid តាមរយៈការបង្ហោះសំបុត្រជម្រាបលាដ៏មានអត្ថន័យមួយ ដើម្បីផ្ញើជូនទៅកាន់ទីកន្លែងដែលរូបគេធ្លាប់បានចាត់ទុកជាផ្ទះទីពីរអស់រយៈពេលជិតមួយទសវត្សរ៍។
បន្ទាប់ពីរួមរស់ជាមួយក្លិបអស់រយៈពេល ៩ រដូវកាល បង្ហាញខ្លួននៅលើទីលានបានចំនួន ២១៥ ប្រកួត និងបានរួមចំណែកជួយក្រុមលើកពានរង្វាន់ធំៗរហូតដល់ទៅ ១៦ គ្រឿង ដំណើរផ្សងព្រេងរបស់ Ceballos ក្នុងនាមជាកីឡាកររបស់ Real Madrid ត្រូវបានឈានចូលដល់ទីបញ្ចប់ហើយ ដូចដែលរូបគេ និងខាងភាគីក្លិបបានចេញមុខមកបញ្ជាក់ផ្ទាល់នៅក្នុងលិខិតនោះ។
នៅក្នុងខ្លឹមសារនៃសំបុត្រជម្រាបលានោះ ខ្សែបម្រើវ័យក្មេងរូបនេះបានរំលឹកទៅកាន់ថ្ងៃដំបូងដែលរូបគេបានឈានជើងចូលមកកាន់ក្លិបកាលពី ៩ ឆ្នាំមុន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកគាំទ្រ ថ្នាក់ដឹកនាំ បុគ្គលិកគ្រូបង្វឹក និងមិត្តរួមក្រុមទាំងអស់ដែលបានជ្រោមជ្រែងរូបគេកន្លងមក។ Ceballos ក៏បានបង្ហើបផងដែរថា រូបគេកំពុងតែត្រៀមខ្លួនឆ្ពោះទៅរកការប្រឈមមុខនឹងឱកាសការងារថ្មីៗក្នុងអាជីព ដោយនៅតែរក្សាបាននូវស្មារតីចង់ប្រកួតប្រជែង និងក្តីស្រឡាញ់ចំពោះបាល់ទាត់យ៉ាងពេញទំហឹងដូចដើម។