ផ្លូវការហើយ! Cristiano Ronaldo ប្រកាសថា World Cup 2026 គឺជាព្រឹត្តិការណ៍ចុងក្រោយបង្អស់ក្នុងអាជីព ខណៈត្រៀមប្រកួតជាមួយអេស្ប៉ាញទាបភ្លឺនេះ
អត្ថបទសរសេរដោយ Danny • 28 views
សករាជនៃកំពូលកីឡាករវ័យចាស់កំពុងឈានមកដល់ទីបញ្ចប់ជាបណ្តើរៗហើយ បន្ទាប់ពីខ្សែប្រយុទ្ធនិងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ (Portugal) កីឡាករ Cristiano Ronaldo បានចេញមុខប្រកាសជាផ្លូវការថា ព្រឹត្តិការណ៍ FIFA World Cup ២០២៦ នេះ នឹងក្លាយជាការប្រកួតពានរង្វាន់ពិភពលោកចុងក្រោយបង្អស់នៅក្នុងអាជីពរបស់លោកហើយ។
នៅក្នុងសន្និសីទកាសែតមុនជំនួបដ៏កាចសាហាវជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ តារាបាល់ទាត់វ័យ ៤១ ឆ្នាំរូបនេះ បានថ្លែងបំបិទមាត់រាល់ពាក្យចចាមអារ៉ាមទាំងឡាយជុំវិញអនាគតរបស់ខ្លួនថា៖ «ខ្ញុំចង់រីករាយជាមួយវាឱ្យបានខ្លាំងបំផុតតាមដែលអាចធ្វើទៅបាន ព្រោះវាពិតជា World Cup ចុងក្រោយរបស់ខ្ញុំហើយ បាទ។ ប៉ុន្តែខ្ញុំសង្ឃឹមថា ការប្រកួតនៅថ្ងៃស្អែក នឹងមិនមែនជាប្រកួតចុងក្រោយរបស់ខ្ញុំនៅក្នុងពានរង្វាន់នេះឡើយ»។
នៅពេលត្រូវបានសួរដេញដោលអំពីរឿងចូលនិវត្តន៍ពីបាល់ទាត់ទាំងស្រុង លោកបានសង្កត់ធ្ងន់ទាំងចិត្តដាច់ថា លោកនឹងឈប់នៅពេលណាដែលលោកចង់ឈប់ មិនមែនឈប់តាមការចង់បានរបស់អ្នកសារព័ត៌មានឡើយ។ នៅក្នុងយុទ្ធនាការឆ្នាំនេះ Ronaldo បានចូលលេងជាជម្រើសដំបូងទាំង ៤ ប្រកួតឱ្យព័រទុយហ្គាល់ និងរកបានគ្រាប់បាល់ចំនួន ៣ គ្រាប់រួចមកហើយ។
ក្រុមព័រទុយហ្គាល់ ត្រូវត្រៀមខ្លួនបើកសមរភូមិសងសឹកដណ្តើមសន្លឹកឆ្នោតវគ្គ ៨ ក្រុមចុងក្រោយ ទល់នឹងក្រុមជើងឯកអឺរ៉ុប អេស្ប៉ាញ (Spain) នៅក្នុងកីឡដ្ឋាននាទឹកដីសហរដ្ឋអាមេរិក ដែលនឹងត្រូវផ្សាយបន្តផ្ទាល់នៅម៉ោង ២:០០ ទៀបភ្លឺ ថ្ងៃស្អែក (ថ្ងៃអង្គារ ទី ៧ ខែកក្កដា) ស្របតាមម៉ោងនៅក្នុងប្រទេសកម្ពុជា។ នេះជាជំនួបដ៏ធំប្រចាំវគ្គ បន្ទាប់ពីក្រុមទាំងពីរធ្លាប់បានបង្កើតប្រវត្តិសាស្ត្រស្មើគ្នា ៣-៣ យ៉ាងជក់ចិត្តកាលពី World Cup ឆ្នាំ ២០១៨ ដោយកាលនោះ Ronaldo ជារូបវន្តបុគ្គលធ្វើបាន ហេតទ្រិក (Hat-trick) ដោយការស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯង។