ក្លិប Chicago Fire ប្រកាសនាំយក Robert Lewandowski ជាផ្លូវការ ដើម្បីត្រៀមខ្លួនជួប Thomas Muller នៅអាមេរិក
អត្ថបទសរសេរដោយ Danny • 78 views
ក្លិប Chicago Fire បានប្រកាសចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Robert Lewandowski ជាផ្លូវការ ក្រោយចំណាយពេលតាមចរចាអស់រយៈពេលជាងមួយឆ្នាំ (តាំងពីខែមករា ឆ្នាំ ២០២៥)។ ទោះបីជាមានការចាប់អារម្មណ៍ពីលីគអារ៉ាប៊ីសាអូឌីត និងក្លិបធំៗនៅអឺរ៉ុបក្តី ប៉ុន្តែអតីតតារាឆ្នើមរបស់ Barcelona រូបនេះ បានសម្រេចចិត្តជ្រើសរើសយកទឹកដីអាមេរិក។
លោកគ្រូបង្វឹក Gregg Berhalter បានកោតសរសើរប្រធានក្រុមជម្រើសជាតិប៉ូឡូញរូបនេះថា៖ «គ្មានកីឡាករណាម្នាក់នៅក្នុងលីគកំពូលទាំង ៥ របស់អឺរ៉ុប ដែលស៊ុតបញ្ចូលទីបានច្រើនជាង Robert ឡើយក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ។ ខ្ញុំអាចហៅរូបគេថាជាខ្សែប្រយុទ្ធដ៏ល្អបំផុតប្រចាំជំនាន់នេះ»។
បច្ចុប្បន្ន ក្លិបកំពុងយកចិត្តទុកដាក់លើកម្រិតកាយសម្បទារបស់ Lewandowski ហើយរំពឹងថារូបគេនឹងអាចបង្ហាញខ្លួនដំបូងនៅថ្ងៃទី ១៦ ខែកក្កដា ខាងមុខ ក្នុងជំនួបជួបអតីតមិត្តរួមក្រុមនៅ Bayern Munich គឺកីឡាករ Thomas Muller ដែលកំពុងលេងឱ្យក្រុម Vancouver Whitecaps។
ការមកដល់របស់ម្ចាស់ពានរង្វាន់ FIFA Best Men's Player ពីរដងរូបនេះ ក៏នឹងបង្កើតឱ្យមានការប្រជែងគ្នាសារជាថ្មីជាមួយស្តេចបាល់ទាត់ Lionel Messi របស់ក្រុម Inter Miami នៅក្នុងតំបន់ Eastern Conference ផងដែរ។ នាពេលនេះ Chicago Fire កំពុងឈរនៅលេខរៀងទី ៣ ក្នុងតារាងពិន្ទុ ហើយសង្ឃឹមថាសមត្ថភាពបញ្ចប់ទីដ៏មុតស្រួចរបស់ Lewandowski នឹងជួយក្រុមលើកពាន MLS Cup ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ១៩៩៨ មក។