អេស្ប៉ាញប្តេជ្ញាយកកីឡដ្ឋាន Camp Nou ឬ Bernabeu ធ្វើជាកន្លែងប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ២០៣០ មិនឱ្យធ្លាក់ទៅម៉ារ៉ុកឡើយ
អត្ថបទសរសេរដោយ Danny • 40 views
ការប្រជែងគ្នាដណ្តើមសិទ្ធិរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ពិភពលោក World Cup ២០៣០ កំពុងតែឡើងកម្តៅខ្លាំង បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បានចេញមុខរុញច្រានយ៉ាងខ្លាំងក្លា ដើម្បីធានាឱ្យបានថាការប្រកួតកាត់សេចក្តីដ៏ធំមួយនេះត្រូវតែធ្វើឡើងនៅលើទឹកដីរបស់ខ្លួន ពោលគឺនៅកីឡដ្ឋាន Santiago Bernabeu ឬកីឡដ្ឋាន Camp Nou ដែលទើបនឹងកែលម្អថ្មី។
ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ លោក Rafael Louzan បានបង្ហាញទំនុកចិត្តយ៉ាងមុតមាំថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រដាច់ខាតត្រូវតែធ្វើឡើងនៅក្នុងប្រទេសអេស្ប៉ាញ។ លោកបានពន្យល់ពីហេតុផលថា៖ «វានឹងមិនអាចទទួលយកបានឡើយ ប្រសិនបើអេស្ប៉ាញមិនមែនជាទីតាំងសម្រាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នោះ។ គ្មានអ្វីត្រូវសង្ស័យទេ ព្រោះព្រឹត្តិការណ៍ World Cup ឆ្នាំ២០៣០ នេះ គឺត្រូវបានបង្កើតឡើងដំបូងដោយអេស្ប៉ាញ និងព័រទុយហ្គាល់ ចំណែកឯម៉ារ៉ុកគឺទើបតែចូលរួមតាមក្រោយប៉ុណ្ណោះ»។ បច្ចុប្បន្ន អេស្ប៉ាញកំពុងកាន់កាប់ចំណែករហូតដល់ទៅ ៥៥ ភាគរយនៅក្នុងរចនាសម្ព័ន្ធរៀបចំការប្រកួតទាំងមូល។
ការអះអាងនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងប្រទេសម៉ារ៉ុក (Morocco) ដែលកំពុងមានមហិច្ឆតាខ្ពស់ និងបានត្រៀមសាងសង់កីឡដ្ឋានយក្ស Casablanca Stadium ដែលមានសមត្ថភាពអាចផ្ទុកទស្សនិកជនបានរហូតដល់ទៅ ១១៥,០០០ នាក់។ ទោះជាយ៉ាងណា លោក Louzan បានលើកឡើងថា ទោះបីជា Santiago Bernabeu ជាកីឡដ្ឋានដ៏ទំនើបនិងរួចរាល់មុនគេក៏ដោយ ប៉ុន្តែកីឡដ្ឋាន Camp Nou របស់ Barcelona ដែលកំពុងឈានទៅរកការបញ្ចប់ការសាងសង់ ក៏មានចំណុចខ្លាំងមិនអាចរំលងបានដែរ ដោយសារវាមានចំនួនកៅអីអង្គុយច្រើនជាង Bernabeu រហូតដល់ទៅ ២៥,០០០ កៅអី ដែលជាកត្តាដ៏សំខាន់សម្រាប់ FIFA ក្នុងការវាយតម្លៃ។