Bruno Fernandes សម្រេចចិត្តបន្តនៅក្រសោបដៃជាមួយ Man United បើទោះបីជាមានការដេញថ្លៃយ៉ាងខ្លាំងពីអារ៉ាប៊ីសាអូឌីត
អត្ថបទសរសេរដោយ Danny • 74 views
ក្លិបបិសាចក្រហម Manchester United ទទួលបានដំណឹងដ៏រីករាយបំផុតមួយសម្រាប់ការត្រៀមខ្លួនចូលរករដូវកាលថ្មី បន្ទាប់ពីសារព័ត៌មាន TalkSport បានទម្លាយថា ប្រធានក្រុមដ៏មានឥទ្ធិពលកីឡាករ Bruno Fernandes បានសម្រេចចិត្តរួចរាល់ក្នុងការបន្តស្នាក់នៅទឹកដី Old Trafford តទៅទៀត ដោយបានប្រាប់រឿងនេះទៅកាន់មិត្តរួមក្រុម និងមនុស្សជិតស្និទ្ធរបស់គេរួចរាល់ហើយ។
អស់រយៈពេលជាច្រើនខែកន្លងមកនេះ អនាគតរបស់ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់វ័យ ៣១ ឆ្នាំរូបនេះ តែងតែស្ថិតក្នុងភាពស្រពិចស្រពិល ដោយសារមានការទាក់ទងយ៉ាងស្វិតស្វាញពីសំណាក់ក្លិបយក្សនៅអារ៉ាប៊ីសាអូឌីត រួមមាន Al Hilal, Al Nassr និង Al Ittihad។ ជាក់ស្តែង ក្លិប Al Hilal ស្ទើរតែអាចបញ្ចុះបញ្ចូលរូបគេបានទៅហើយកាលពីមុនពានរង្វាន់ Club World Cup ប៉ុន្តែចុងក្រោយ Bruno បានសម្រេចចិត្តថា ការបន្តនៅអង់គ្លេសគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អាជីពបាល់ទាត់ និងសេចក្តីសុខរបស់គ្រួសារគេ។
Bruno Fernandes ក៏ធ្លាប់បានទម្លាយប្រាប់សារព័ត៌មាន Canal 11 ទាំងចំហរពីភាពស្មុគស្មាញក្នុងក្លិបផងដែរថា៖ «តាមពិតទៅ ក្លិបធ្លាប់ចង់ឱ្យខ្ញុំចាកចេញ។ ខ្ញុំបានប្រាប់ទៅថ្នាក់ដឹកនាំថា ពួកគេគ្មានភាពក្លាហានក្នុងការធ្វើការសម្រេចចិត្តបែបនេះទេ ព្រោះតែគ្រូបង្វឹកចង់រក្សាខ្ញុំទុក។ ប៉ុន្តែបើខ្ញុំនិយាយថាខ្ញុំចង់ដើរចេញ ទោះបីជាគ្រូឃាត់ក៏ដោយ ក៏ក្លិបនឹងព្រមលែងខ្ញុំដែរ»។
ទោះជាយ៉ាងណា ស្ថានភាពផ្ទៃក្នុងបច្ចុប្បន្នរបស់ Man United បានប្រែជាច្បាស់លាស់ជាងមុន។ ប្រភពដដែលបានឱ្យដឹងថា អតីតគ្រូបង្វឹកលោក Ruben Amorim រួមទាំងលោក Michael Carrick បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូល Bruno ឱ្យបន្តរួមរស់ជាមួយក្រុមតទៅទៀត ព្រោះថ្នាក់ដឹកនាំជាន់ខ្ពស់នៅតែចាត់ទុកគេជាបេះដូង និងជាស្នូលនៃការកសាងក្រុមរយៈពេលវែង។
ទំនុកចិត្តរបស់ក្លិបត្រូវបានឆ្លើយតបវិញដោយទម្រង់លេងដ៏មហិមារបស់គេនៅលើទីលាន។ ចាប់តាំងពីផ្ទេរពីក្លិប Sporting ក្នុងឆ្នាំ ២០១៩ មក Bruno បង្ហាញខ្លួនបាន ៣២៧ ប្រកួត និងស៊ុតបាន ១០៧ គ្រាប់។ អ្វីដែលអស្ចារ្យបំផុតនោះ គឺកាលពីរដូវកាលមុន រូបគេបានបង្កើតប្រវត្តិសាស្ត្រថ្មីនៅក្នុងក្របខណ្ឌ Premier League ដោយបានដកស្រង់ការបញ្ជូនបាល់ឱ្យមិត្តរួមក្រុម (Assists) រហូតដល់ទៅ ២១ ដងក្នុងមួយរដូវកាល ដែលជាកំណត់ត្រាខ្ពស់ជាងវីរៈបុរស លោក Thierry Henry និង Kevin De Bruyne ទៅទៀត។ ឥទ្ធិពលដ៏អស្ចារ្យនេះក៏បានបន្តទៅដល់ឆាកអន្តរជាតិផងដែរ ដោយរូបគេទើបតែបញ្ជូនបាល់ឱ្យ Cristiano Ronaldo ស៊ុតបញ្ចូលទី ក្នុងជំនួបដែលព័រទុយហ្គាល់លត់អ៊ូសបេគីស្ថាន ៥-០ ក្នុងព្រឹត្តិការណ៍ World Cup 2026 នេះ។
សម្រាប់អ្នកគាំទ្របិសាចក្រហម ការរក្សាបានខ្សែបម្រើដ៏មានផលិតភាពខ្ពស់បំផុតម្នាក់នៅអឺរ៉ុបរូបនេះ គឺមានតម្លៃស្មើនឹងការនាំចូលកីឡាករលំដាប់ពិភពលោកថ្មីម្នាក់អញ្ចឹងដែរ ព្រោះសមត្ថភាព ចរិតលក្ខណៈដឹកនាំ និងការច្នៃប្រឌិតរបស់គេ គឺជារបស់កម្រដែលមិនអាចកាត់ថ្លៃបានឡើយ។