Breel Embolo ត្រូវបណ្តេញចេញទាំងទឹកភ្នែក ក្រោយ VAR បង្ហាញថាគេធ្វើពុតជាដួល ដើម្បីទាមទារបាល់ពិន័យពីអាជ្ញាកណ្តាល
អត្ថបទសរសេរដោយ Danny • 31 views
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិស្វីស (Switzerland) កីឡាករ Breel Embolo បានយំស្រែកទាំងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីត្រូវអាជ្ញាកណ្តាលពិន័យកាតក្រហមបណ្តេញចេញពីទីលាន នៅក្នុងការប្រកួតវគ្គ 8 ក្រុមចុងក្រោយ World Cup 2026 ទល់នឹងក្រុមអាហ្សង់ទីន (Argentina) នាទីក្រុង Kansas។
រឿងរ៉ាវបានចាប់ផ្តើមឡើងនៅពេលដែលមានការប៉ះទង្គិចគ្នារវាង Embolo និងខ្សែបម្រើអាហ្សង់ទីន Leandro Paredes ដែលដំបូងឡើយអាជ្ញាកណ្តាលលោក Joao Pinheiro បានពិន័យកាតលឿងទៅលើ Paredes។ ទោះជាយ៉ាងណា ផ្អែកលើច្បាប់ថ្មីរបស់ FIFA អាជ្ញាកណ្តាលវីដេអូ (VAR) បានឆែកមើលឡើងវិញដើម្បីផ្ទៀងផ្ទាត់ពីភាពមិនច្បាស់លាស់នៃកំហុស និងការដួលនោះ។ ក្រោយពីពិនិត្យវីដេអូឡើងវិញ អាជ្ញាកណ្តាលបានប្តូរចិត្ត ដោយដកកាតលឿងពី Paredes វិញ ហើយបែរជាពិន័យកាតលឿងទៅលើ Embolo ដោយសារតែរូបគេធ្វើពុតជាដួល ដើម្បីបោកប្រាស់ទាមទារបាល់ពិន័យ។ ការពិន័យកាតលឿងនេះ គឺជាកាតលឿងទីពីររបស់ Embolo នៅក្នុងការប្រកួត ដែលស្មើនឹងកាតក្រហមត្រូវបណ្តេញចេញភ្លាមៗ ខណៈលទ្ធផលកំពុងស្មើគ្នា 1-1។
បន្ទាប់ពីដឹងពីកំហុសដ៏ធ្ងន់ធ្ងររបស់ខ្លួន Embolo បានយំសម្រក់ទឹកភ្នែកដើរចេញពីទីលាន ដោយមានមិត្តរួមក្រុម Denis Zakaria ចូលមកលួងលោម និងប្រញាប់នាំរូបគេចេញដើម្បីកុំឱ្យមានការតវ៉ាខ្លាំងជាងនេះ។ ស្របពេលជាមួយគ្នានោះ ប្រធានក្រុម Granit Xhaka ក៏បានចូលទៅតវ៉ាយ៉ាងខ្លាំងជាមួយអាជ្ញាកណ្តាលផងដែរ ព្រោះការបាត់បង់សមាជិកម្នាក់នេះ បានធ្វើឱ្យឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ស្វីស ត្រូវធ្លាក់ក្នុងភាពប្រថុយប្រថាន។ អ្នកវិភាគបាល់ទាត់បានយល់ឃើញថា បើតាមច្បាប់គឺពិតជាត្រូវកាតលឿងមែន ប៉ុន្តែការបណ្តេញកីឡាករចេញក្នុងប្រកួតធំ និងសំខាន់បែបនេះ ហាក់ដូចជាដាច់ខាតពេកហើយ ខណៈអ្នកខ្លះទៀតយល់ថា Embolo គួរតែបន្ទោសខ្លួនឯងដែលធ្វើពុតជាដួលរហូតធ្វើឱ្យប៉ះពាល់ដល់មិត្តរួមក្រុមទាំងមូល។