តារាឆ្នើមរបស់ Bayern Munich បញ្ជាក់ពីការចុះកិច្ចសន្យាថ្មី បន្ទាប់ពីការចរចាអូសបន្លាយពេលជាច្រើនខែ
អត្ថបទសរសេរដោយ Danny • 31 views
ក្លិប Bayern Munich បានសម្រេចកិច្ចព្រមព្រៀងរក្សាវត្តមានរយៈពេលវែងរបស់កីឡាករពហុជំនាញ Konrad Laimer បន្ទាប់ពីព្រឹត្តិការណ៍ World Cup បានបញ្ចប់។ ខ្សែបម្រើជម្រើសជាតិអូទ្រីសរូបនេះ បានបញ្ជាក់ជាផ្លូវការថា រូបគេបានចុះហត្ថលេខាលើការបន្តកិច្ចសន្យាថ្មីដើម្បីបន្តស្នាក់នៅកីឡដ្ឋាន Allianz Arena រយៈពេល ៣ រដូវកាលបន្ថែមទៀត។
ការឈានដល់កិច្ចព្រមព្រៀងនេះ កើតឡើងបន្ទាប់ពីការចរចាដ៏តានតឹងជាច្រើនខែ ដែលស្ទើរតែឈានដល់ផ្លូវទាល់ច្រក។ Laimer វ័យ ២៩ ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោនៅ World Cup ដោយបានចូលលេងគ្រប់នាទីឱ្យក្រុមជម្រើសជាតិអូទ្រីស មុនពេលធ្លាក់ចេញក្រោមថ្វីជើងក្រុមម្ចាស់ជើងឯកអេស្ប៉ាញ ក្នុងវគ្គ ៣២ ក្រុមចុងក្រោយ។
ជុំវិញការបន្តកិច្ចសន្យាថ្មីនេះ Laimer បានថ្លែងថា៖
«សម្រាប់ខ្ញុំ វាជារឿងពិសេសណាស់ក្នុងការបានចូលលេងឱ្យ FC Bayern។ ខ្ញុំបានបញ្ជាក់ជាច្រើនដងមកហើយថា ខ្ញុំមានក្តីសុខប៉ុនណានៅទីក្រុង Munich ហើយវាពិតជាសប្បាយរីករាយណាស់ដែលបានលេងក្នុងក្រុមមួយនេះ។ ខ្ញុំអាចជួយក្រុមបានច្រើនតំណែង ហើយខ្ញុំចង់បន្តលះបង់អស់ពីសមត្ថភាពសម្រាប់ក្លិប»។
កាលពីខែឧសភា កន្លងទៅ ប្រធានកិត្តិយសរបស់ Bayern Munich លោក Uli Hoeness ធ្លាប់បានចេញមុខរិះគន់ចំៗជុំវិញការទាមទារប្រាក់ខែខ្ពស់របស់កីឡាកររូបនេះថា៖ «ខ្ញុំកោតសរសើរ Konny ហើយគាត់ធ្វើការធ្ងន់ណាស់ ប៉ុន្តែគាត់មិនមែនជា Diego Maradona នោះទេ។ កីឡាករដូចជាគាត់ត្រូវតែយល់ថា ក្លិបមានកម្រិតប្រាក់ខែច្បាស់លាស់... គាត់ជាកីឡាករប្រយោជន៍ ប៉ុន្តែគាត់ពិតជាមិនមែនជា Harry Kane ឡើយ»។
ទោះបីជាមានការតតាំងពាក្យសម្តីជាសាធារណៈយ៉ាងណាក៏ដោយ ក៏ភាគីទាំងពីរបានសម្រេចការសម្របសម្រួលមួយដែលសមស្រប។ Laimer បានយល់ព្រមកាត់បន្ថយការរំពឹងទុកផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យស្របតាមរចនាសម្ព័ន្ធប្រាក់ខែរបស់ក្លិប ខណៈដែល Bayern ដឹងច្បាស់ថា ការបាត់បង់រូបគេនឹងបង្កើតជាចន្លោះប្រហោងយុទ្ធសាស្ត្រយ៉ាងធំនៅក្នុងក្រុម។
នាយកកីឡារបស់ក្លិប លោក Christoph Freund និងលោក Max Eberl សុទ្ធតែបានកោតសរសើរ Laimer ថាជាគំរូនៃភាពស្មោះត្រង់ ភាពបត់បែន និងជាកីឡាករដ៏សំខាន់ក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់។ ចាប់តាំងពីផ្លាស់មកកាន់ Munich ក្នុងរដូវកាល ២០២៣-២៤ រូបគេបង្ហាញខ្លួនបាន ១៣៦ ប្រកួត និងជួយក្លិបឈ្នះពាន Bundesliga ២ លើក DFB-Pokal ១ លើក និង DFL Supercup ១ លើកផងដែរ។