Barcelona ត្រៀមដាក់សំណើចុងក្រោយចន្លោះពី ១២០ ទៅ ១៣០ លានអឺរ៉ូ ឱ្យ Atletico Madrid ដើម្បីទិញ Julián Álvarez
អត្ថបទសរសេរដោយ Danny • 20 views
ក្លិប FC Barcelona កំពុងរៀបចំផែនការបន្ទាប់ជុំវិញភាពស្មុគស្មាញដែលបង្កើតឡើងដោយ Atletico Madrid ក្នុងការដេញថ្លៃទិញយកខ្សែប្រយុទ្ធអាហ្សង់ទីន Julián Álvarez ដើម្បីមកជំនួសកន្លែងរបស់ Robert Lewandowski ដែលបានចាកចេញកាលពីរដូវកាលមុន។
ទោះបីជា Barcelona ធ្លាប់បានដាក់សំណើដំបូងចំនួន ១០០ លានអឺរ៉ូ ត្រូវបានបដិសេធក៏ដោយ ក៏ប្រធានក្លិបលោក Joan Laporta នៅតែបន្តជំរុញកិច្ចព្រមព្រៀងនេះ។ យោងតាមសារព័ត៌មាន Cadena SER ក្លិបអ្នកមានបុណ្យរៀបនឹងដាក់សំណើថ្មីចុងក្រោយដែលមានតម្លៃចន្លោះពី ១២០ ទៅ ១៣០ លានអឺរ៉ូ ដោយពួកគេមិនចង់ចំណាយរហូតដល់ ១៥០ លានអឺរ៉ូ ដូចដែល Real Madrid ធ្លាប់ដេញថ្លៃនោះឡើយ។
នាយកប្រតិបត្តិរបស់ Atletico Madrid លោក Miguel Ángel Gil Marín បានបដិសេធដាច់អហង្ការចំពោះការលក់ខ្សែប្រយុទ្ធរូបនេះ ដោយបានថ្លែងថា៖ «យើងមិនបានទទួលយកសំណើ ១០០ លានអឺរ៉ូទេ ហើយយើងក៏មិនទទួលយកសំណើ ១៥០ លាន ឬ ២០០ លានអឺរ៉ូដែរ»។
Barcelona បានកំណត់ថ្ងៃទី ៣១ ខែកក្កដា ជាកាលបរិច្ឆេទចុងក្រោយដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។ ប្រសិនបើមិនមានការព្រមព្រៀងត្រឹមថ្ងៃនោះទេ នាយកកីឡា Deco នឹងបង្វែរគោលដៅទៅកាន់កីឡាករផ្សេងទៀតភ្លាមៗ ខណៈដែល Atletico បានបង្គាប់ឱ្យ Álvarez ត្រូវចូលរាយការណ៍ខ្លួនហ្វឹកហាត់វិញនៅថ្ងៃទី ១០ ខែសីហា បន្ទាប់ពីបញ្ចប់ភារកិច្ចជួយអាហ្សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup 2026។