Barcelona ស្នើសុំកម្ចីប្រាក់ 210 លានអឺរ៉ូ ដើម្បីបញ្ចប់កិច្ចសន្យាទិញដូរកីឡាករកំពូល ៣ រូបនារដូវក្តៅនេះ
អត្ថបទសរសេរដោយ Danny • 42 views
ក្លិបអ្នកមានបុណ្យ Barcelona បានដាក់ពាក្យស្នើសុំបើកកញ្ចប់ឥណទាន ឬកម្ចីប្រាក់ចំនួន ២១០ លានអឺរ៉ូ ដើម្បីត្រៀមលក្ខណៈពង្រឹងកម្លាំងទ័ពក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Hansi Flick សម្រាប់រដូវកាលថ្មី។ កញ្ចប់ថវិកាដ៏ធំនេះ ត្រូវបានរំពឹងថានឹងយកមកប្រើប្រាស់ក្នុងការដេញថ្លៃនាំយកកីឡាករ ៣ រូបគឺ Julian Alvarez, Joao Cancelo និង Karim Adeyemi ព្រមទាំងជួយសម្រាលបន្ទុកចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់ក្លិបផងដែរ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Marca បានឱ្យដឹងថា ការស្នើសុំកម្ចីនេះត្រូវបានធានាដោយផ្អែកលើចំណូលប៉ាន់ស្មាននាដូវកាលក្រោយរបស់ក្លិប ខណៈដែល Barcelona កំពុងតែព្យាយាមដោះស្រាយបញ្ហាខ្វះខាតសាច់ប្រាក់ងាយស្រួល និងរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុឱ្យស្របតាមច្បាប់ចំណាយ ១:១ (1:1 spending rule) របស់លីគកំពូល La Liga ដើម្បីអាចចុះឈ្មោះក្រុមកីឡាករថ្មីៗបាន។ កន្លងមក ក្លិបបានបង្ហាញមហិច្ឆតារបស់ខ្លួនរួចមកហើយ តាមរយៈការបញ្ចប់កិច្ចសន្យាទិញយក Anthony Gordon ក្នុងតម្លៃ ៧០ លានអឺរ៉ូ (បូករួមប្រាក់រង្វាន់បន្ថែម ១០ លានអឺរ៉ូផ្សេងទៀត)។
គោលដៅលំដាប់កំពូលបន្ទាប់របស់ Barcelona គឺខ្សែប្រយុទ្ធ Julian Alvarez របស់ Atletico Madrid ដែលត្រូវបានគេចាត់ទុកជាអ្នកមកជំនួសតំណែងដ៏ស័ក្តិសមរបស់ Robert Lewandowski ដែលបានផ្លាស់ទៅលេងឱ្យក្រុម Chicago Fire។ ថ្នាក់ដឹកនាំក្លិបមានគម្រោងជម្រុញការចរចាទិញយក Alvarez ភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍ World Cup ត្រូវបានបញ្ចប់។ ស្របពេលជាមួយគ្នានេះ កិច្ចសន្យារបស់ Karim Adeyemi ត្រូវបានគេរាយការណ៍ថាជិតឈានដល់កិច្ចព្រមព្រៀងហើយ ខណៈដែលការទិញដាច់យកខ្សែការពារ Joao Cancelo នៅមានភាពស្មុគស្មាញបន្តិចបន្តួច ដោយសារ Barcelona ត្រូវដោះស្រាយបញ្ហាពន្ធដារដែលនៅសេសសល់ឱ្យដាច់ស្រឡះជាមុនសិន។