ម្ចាស់ពាន Ballon d'Or កីឡាករ Dembele នៅតែទាមទារឱ្យក្រុមបារាំងបង្កើនការយកចិត្តទុកដាក់សម្រាប់វគ្គបន្ត
អត្ថបទសរសេរដោយ Danny • 63 views
ខ្សែប្រយុទ្ធស្លាបជម្រើសជាតិបារាំង កីឡាករ Ousmane Dembele បានបង្ហាញទម្រង់លេងយ៉ាងគួរឱ្យភ្ញាក់ផ្អើលដោយការស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯង (Hat-trick) នៅក្នុងជំនួបដែលបារាំង (France) យកឈ្នះណ័រវែស (Norway) ក្នុងលទ្ធផល ៤-១។ ទោះជាយ៉ាងណា ម្ចាស់ពានរង្វាន់ Ballon d'Or រូបនេះហាក់បីដូចជាមិនទាន់ស្កប់ស្កល់នឹងសមិទ្ធផលនេះឡើយ ដោយលោកយល់ថាការបង្ហាញទម្រង់លេងក្នុងប្រកួតមុនៗមានឥទ្ធិពលចំពោះក្រុមជាងនេះ។
នៅក្នុងការប្រកួតនោះ ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain រូបនេះបានបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយ ដោយការស៊ុតបញ្ចូលទី ៣ គ្រាប់ត្រឹមតែរយៈពេល ៣២ នាទីដំបូងនៃវគ្គទីមួយ ដែលនេះជាកំណត់ត្រាការស៊ុត Hat-trick លឿនបំផុតលំដាប់ទី ២ ក្នុងប្រវត្តិសាស្ត្រ World Cup និងជាកំណត់ត្រាដែលមិនធ្លាប់មាននរណាធ្វើបានឡើយគិតចាប់តាំងពីឆ្នាំ ១៩៥៤ មក។ ជ័យជម្នះនេះបានជួយឱ្យក្រុមមាន់គកបារាំង បញ្ចប់វគ្គចែកពូលក្នុងនាមជាក្រុមលេខ ១ នៅក្នុងពូល I យ៉ាងមានមោទនភាព។
ទោះបីជាទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយក្តី ប៉ុន្តែ Dembele បានបែរជាដាស់តឿនមិត្តរួមក្រុមឱ្យប្រមូលអារម្មណ៍លើការប្រកួតខាងមុខវិញ។ លោកបានថ្លែងប្រាប់ទូរទស្សន៍ M6 ថា៖ «វាជាការប្រកួតដ៏សំខាន់ដើម្បីបញ្ចប់ក្នុងតំណែងកំពូលតារាង។ ពួកយើងចង់ឈ្នះរាល់ការប្រកួត ហើយយើងត្រូវតែរក្សាការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ព្រោះការប្រកួតខាងមុខនឹងកាន់តែពិបាកជាងនេះ។ ពួកយើងមានកីឡាករល្អៗទាំងនៅលើទីលាន និងកៅអីបម្រុង ហើយការប្រាស្រ័យទាក់ទងគ្នាបានល្អវាធ្វើឱ្យអ្វីៗកាន់តែងាយស្រួល»។
នៅក្នុងតំបន់ផ្តល់កិច្ចសម្ភាសន៍ (Mixed zone) ក្រោយចប់ការប្រកួត ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានធ្វើការវាយតម្លៃលើខ្លួនឯងដោយស្មោះត្រង់ថា៖ «ខ្ញុំពិតជាសប្បាយចិត្ត វាជា moments ដ៏ពិសេសសម្រាប់ខ្ញុំ។ ការលេងរបស់ខ្ញុំថ្ងៃនេះគឺល្អ ប៉ុន្តែខ្ញុំផ្ទាល់បែរជាពេញចិត្តទម្រង់លេងកាលពីជួបសេណេហ្គាល់ (Senegal) ឬអ៊ីរ៉ាក់ (Iraq) ជាង ព្រោះខ្ញុំគិតថាខ្ញុំមានឥទ្ធិពលជួយក្រុមបានច្រើនជាងនៅក្នុងប្រកួតទាំងនោះ»។
បន្ទាប់ពីទទួលបានជ័យជម្នះ ៣ ប្រកួតជាប់ៗគ្នាក្នុងវគ្គចែកពូល ក្រុមជម្រើសជាតិបារាំងនឹងត្រូវធ្វើដំណើរទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ ដោយត្រូវតទល់ជាមួយក្រុមជម្រើសជាតិស៊ុយអែត (Sweden) ដែលដឹកនាំដោយលោក Graham Potter នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។