Atletico Madrid ប្រកាសជំហររឹងមាំថានឹងរក្សាទុក Julian Alvarez ទោះបីជាកីឡាកររូបនេះសុំចាកចេញ និងរងការដេញថ្លៃពី Barcelona ក៏ដោយ
អត្ថបទសរសេរដោយ Danny • 22 views
ប្រធានក្លិប Atletico Madrid លោក Enrique Cerezo បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅកាន់ប្រធានក្លិប Barcelona លោក Joan Laporta ជុំវិញរឿងរ៉ាវផ្ទេរកីឡាករដ៏ក្តៅគគុករបស់ខ្សែប្រយុទ្ធ Julian Alvarez។ ខ្សែប្រយុទ្ធរូបនេះបានស្នើសុំចាកចេញពីក្លិបជាសាធារណៈអំឡុងពេលយុទ្ធនាការ World Cup ដែលធ្វើឱ្យយក្សកាតាឡាន Barcelona ប្រកាសដាក់សំណើដេញថ្លៃដែលមានកំណត់ពេលវេលាច្បាស់លាស់ និងបង្កជាភាពតានតឹងរវាងក្លិបទាំងពីរ។
ភាពតានតឹងបានកើនឡើងបន្ទាប់ពីលោក Laporta បានព្រមានថា សំណើដែល Barcelona បានដាក់ជូនដើម្បីទិញយកខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ នឹងមិនបើកចំហររហូតគ្មានកំណត់នោះទេ។ លោក Laporta បានថ្លែងថា៖
«យើងមិនរាំតាមចង្វាក់របស់អ្នកណាម្នាក់ឡើយ គឺយើងជាអ្នកកំណត់ចង្វាក់ដោយខ្លួនឯង។ យើងបានដាក់សំណើ ប៉ុន្តែវាមិនមែនជាសំណើដែលគ្មានថ្ងៃបញ្ចប់ ឬគ្មានដែនកំណត់នោះទេ។ យើងបានបង្ហាញពីបំណងចង់ចុះហត្ថលេខាលើកីឡាករដែលគ្រូបង្វឹក និងក្រុមការងារបច្ចេកទេសចង់បាន។ យើងចូលចិត្តគាត់ខ្លាំងណាស់ ហើយខ្ញុំគិតថាគាត់ជាកីឡាករដ៏អស្ចារ្យម្នាក់»។
ឆ្លើយតបទៅនឹងការព្រមាន និងឱសានវាទរបស់ភាគី Barcelona លោក Enrique Cerezo ប្រធានក្លិប Atletico Madrid បានចេញមុខមកពង្រឹងជំហររឹងមាំរបស់ក្លិបទៅលើកីឡាកររូបនេះ ដែលមានកិច្ចសន្យាជាមួយក្លិបដល់ខែមិថុនា ឆ្នាំ ២០៣០ ថា៖
«Joan Laporta គឺជាមិត្តល្អម្នាក់ គាត់ជាប្រធានក្លិបដ៏អស្ចារ្យ ហើយគាត់ដឹងច្បាស់ណាស់ ដូចដែលបងប្អូនទាំងអស់គ្នាដឹងអញ្ចឹងថា តើ Julian Alvarez នឹងលេងឱ្យក្រុមណានៅឆ្នាំក្រោយ»។
នៅពេលអ្នកកាសែតសួរថា តើថ្នាក់ដឹកនាំក្លិបនឹងអត់ទោសឱ្យទង្វើរបស់ Alvarez ដែលបានស្នើសុំចាកចេញជាសាធារណៈ និងបង្កឱ្យមានពាក្យចចាមអារ៉ាមទាំងនេះដែរឬទេ លោក Cerezo បានបន្ថែមថា៖
«នៅក្នុងជីវិតនេះ យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ធ្វើខុស ហើយគ្រប់យ៉ាងគឺអាចអត់ឱនឱ្យគ្នាបាន។ ខ្ញុំនៅតែបញ្ជាក់ថា គាត់គឺជាកីឡាកររបស់ Atletico Madrid»។
អនាគតពិតប្រាកដរបស់អតីតខ្សែប្រយុទ្ធ Manchester City រូបនេះ ត្រូវបានគេរំពឹងថានឹងលេចចេញជារូបរាងច្បាស់លាស់ បន្ទាប់ពីគេបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ដោយរូបគេត្រូវត្រៀមខ្លួនប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ដ៏ធំទល់នឹងអេស្ប៉ាញ នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ។