Anthony Gordon បង្ហាញការខកចិត្ត និងសោកស្តាយជាខ្លាំងចំពោះការធ្លាក់ចេញពី World Cup របស់អង់គ្លេស ព្រមទាំងផ្ញើសារដ៏មានអត្ថន័យទៅកាន់អ្នកគាំទ្រ
អត្ថបទសរសេរដោយ Danny • 36 views
ខ្សែប្រយុទ្ធស្លាបរបស់ក្លិប Barcelona កីឡាករ Anthony Gordon បានសម្តែងការឈឺចាប់យ៉ាងជ្រាលជ្រៅ បន្ទាប់ពីក្រុមជម្រើសជាតិអង់គ្លេសត្រូវធ្លាក់ចេញពីពានរង្វាន់ World Cup ក្រោមស្នាដៃក្រុមអាហ្សង់ទីន។ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏តានតឹងនោះ រូបគេគឺជាអ្នករកគ្រាប់បាល់នាំមុខឱ្យក្រុមតោខៀវ មុនពេលក្រុមរបស់លោក Thomas Tuchel ត្រូវរងការវាយបកបកវិញ ២ គ្រាប់នៅនាទីចុងក្រោយ ដែលបានបំផ្លាញក្តីស្រមៃចង់ឡើងទៅវគ្គផ្តាច់ព្រ័ត្រលើកដំបូងគិតចាប់តាំងពីឆ្នាំ ១៩៦៦។
ក្តីសង្ឃឹមរបស់អង់គ្លេសបានរលាយបាត់បង់នៅក្នុងទីក្រុង Atlanta ក្រោយចាញ់អាហ្សង់ទីន ២-១។ Gordon បានជួយឱ្យក្រុមនាំមុខនៅនាទីទី ៥៥ ពីការបញ្ជូនបាល់របស់ Morgan Rogers ប៉ុន្តែការសម្រេចចិត្តប្តូររូបគេចេញនៅក្នុងវគ្គទីពីរពីសំណាក់លោក Tuchel បានក្លាយជាកំហុសឆ្គងមួយ ដែលបើកឱកាសឱ្យអាហ្សង់ទីនវាយបកតាមស្មើ និងយកឈ្នះតាមរយៈគ្រាប់បាល់របស់ Enzo Fernandez និង Lautaro Martinez។
ក្រោយការបរាជ័យដ៏ជូរចត់នេះ អតីតខ្សែប្រយុទ្ធរបស់ Newcastle United រូបនេះបានបង្ហោះសាររៀបរាប់ពីអារម្មណ៍ពិតនៅលើគណនី Instagram ផ្ទាល់ខ្លួនថា៖
«ពិតជាខកចិត្ត និងខ្លោចចិត្តជាខ្លាំង។ ខ្ញុំពិតជាគិតថា នេះគឺជាពេលវេលារបស់ពួកយើងក្នុងការឈ្នះពានរង្វាន់ បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែវាមិនអាចទៅរួចឡើយ ហើយការឈឺចាប់នេះនឹងបន្តមានរហូតទៅមួយរយៈពេលធំ។ ខ្ញុំមិនដែលចង់ឈ្នះពានអ្វីខ្លាំងដូចពេលនេះទេ មិនមែនត្រឹមតែចង់បានពានរង្វាន់ឡើយ គឺដើម្បីអ្វីៗគ្រប់យ៉ាងដែលយើងបានរួមគ្នាកសាងក្នុងនាមជាក្រុមមួយ និងដើម្បីអត្ថន័យដ៏ធំធេងសម្រាប់ប្រទេសអង់គ្លេស។ ខ្ញុំស្រឡាញ់រាល់នាទីដែលបានតំណាងឱ្យប្រទេសជាតិក្នុងព្រឹត្តិការណ៍ World Cup នេះ និងបានបង្កើតការចងចាំជាច្រើនដែលនឹងស្ថិតស្ថេរអស់មួយជីវិត»។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះ ធ្វើបានយ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ World Cup នៅអាមេរិកខាងជើង ដោយរកបាន ១ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៣ ដង ក្នុងការបង្ហាញខ្លួន ៦ ប្រកួត។ រូបគេក៏មិនភ្លេចពោលពាក្យអរគុណដល់អ្នកគាំទ្រទាំងអស់ផងដែរ៖
«សូមអរគុណដល់អ្នករាល់គ្នាដែលបានគាំទ្រពួកយើងក្នុងដំណើរមួយនេះ ទាំងអ្នកដែលបានធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក និងអ្នកដែលទស្សនានៅឯផ្ទះ វាពិតជាអស្ចារ្យណាស់ដែលបានឃើញភាពរួបរួម និងការអបអរសាទរទាំងនោះ។ ថ្ងៃរបស់យើងនឹងមកដល់នៅពេលខាងមុខ»។
មុនពេលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ Gordon និងមិត្តរួមក្រុមអង់គ្លេសត្រូវបំពេញភារកិច្ចចុងក្រោយមួយ គឺការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ ទល់នឹងក្រុមជម្រើសជាតិបារាំង។ បន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ រូបគេនឹងទទួលបានការសម្រាកវិស្សមកាលរដូវក្តៅ មុនពេលហោះហើរទៅកាន់តំបន់កាតាឡានដើម្បីចូលរួមការហ្វឹកហាត់ត្រៀមរដូវកាលថ្មី (Pre-season) ជាមួយក្លិបថ្មី Barcelona។