សហព័ន្ធបាល់ទាត់អាហ្វហ្សង់ទីន (AFA) កំពុងស្ថិតក្រោមការស៊ើបអង្កេតពី FBI ជុំវិញករណីសង្ស័យលាងលុយកខ្វក់នៅអាមេរិក
អត្ថបទសរសេរដោយ Danny • 45 views
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានបើកការស៊ើបអង្កេតបឋមមួយទៅលើសហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA) និងប្រធានសហព័ន្ធ លោក Claudio Tapia ជុំវិញការសង្ស័យពីបទលាងលុយកខ្វក់ និងការបន្លំប្រព័ន្ធធនាគារ (Wire fraud)។ អាជ្ញាធរអាមេរិកកំពុងពិនិត្យមើលលំហូរសាច់ប្រាក់រាប់រយលានដុល្លារដែលបានចរាចរណ៍កាត់តាមធនាគារធំៗរបស់អាមេរិក ក្នុងអំឡុងពេលដែលព្រឹត្តិការណ៍ World Cup កំពុងដំណើរការ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន La Nacion និង Terra បានឱ្យដឹងថា ភ្នាក់ងារ FBI បានចាប់ផ្តើមប្រមូលចម្លើយពីសាក្សីសំខាន់ៗអំពីប្រតិបត្តិការហិរញ្ញវត្ថុរបស់ AFA នៅសហរដ្ឋអាមេរិក។ ការស៊ើបអង្កេតនេះផ្តោតសំខាន់ទៅលើរបៀបដែលស្ថាប័ននេះ និងក្រុមហ៊ុន TourProdEnter LLC (ដែលជាអ្នកគ្រប់គ្រងកិច្ចសន្យាពាណិជ្ជកម្មក្រៅប្រទេសរបស់សហព័ន្ធ) រៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ។ ក្រុមអ្នកស៊ើបអង្កេតកំពុងតាមដានលំហូរប្រាក់ជាង ៣០០ លានដុល្លារ ដែលបានឆ្លងកាត់គណនីធនាគារធំៗរួមមាន Citibank, Bank of America, និង JP Morgan ដើម្បីពិនិត្យថាតើវាបានរំលោភលើច្បាប់សហព័ន្ធអាមេរិកដែរឬទេ។
ស្របពេលដែលក្រុមអាហ្សង់ទីនកំពុងប្រកួតឈ្នះអេស៊ីប ៣-២ នៅលើទីលាន ខាងក្រៅទីលានវិញ ក្រុមអ្នកស៊ើបអង្កេតបានធ្វើការសាកសួរតាមវីដេអូខលរយៈពេល ៣ ម៉ោងជាមួយពាណិជ្ជករម្នាក់ឈ្មោះ Guillermo Tofoni ក្នុងក្រុង Miami។ ភ្លាមៗនោះ ភាគី AFA បានបញ្ជូនតំណាងរបស់ខ្លួនគឺលោក Tomas Regalado ឱ្យចេញមុខទាមទារឱ្យមានការគោរពគោលការណ៍សន្មតថាគ្មានទោស (Presumption of innocence) ដោយលោកបានបញ្ជាក់ថា វិធានការស៊ើបអង្កេតបឋមនេះមិនទាន់អាចបញ្ជាក់ពីកំហុស ឬការទទួលខុសត្រូវផ្លូវច្បាប់ណាមួយឡើយ ហើយបច្ចុប្បន្នក៏មិនទាន់មានការចោទប្រកាន់ជាផ្លូវការណាមួយត្រូវបានធ្វើឡើងដែរ។